Pau Norbert Cebrian Devis ជំនួយការអាជ្ញាកណ្ដាល ត្រូវបានពិន័យមិនឱ្យកាត់សេចក្ដី២ប្រកួត ក្រោយពីសហព័ន្ធបាល់ទាត់អេស្ប៉ាញរកឃើញថារូបគេមានភាពស្និទ្ធស្នាលជាមួយកីឡាករ Barcelona ខ្លាំងពេក។
ក្នុងជំនួប El Clasico កាលពីសប្ដាហ៍មុននេះ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ពោលគឺ Devis ដែលជាជំនួយការអាជ្ញាកណ្ដាលម្នាក់ក្នុងការប្រកួត បានបង្ហាញភាពស្និទ្ធស្នាលខុសប្លែកពីធម្មតា ចំពោះក្រុមកីឡាករ Barcelona ។ ដោយសារតែហេតុដូច្នេះហើយ បានជាធ្វើឱ្យមានការសង្ស័យកើតឡើង ហើយក៏ត្រូវសហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចចិត្តព្យួរអាជ្ញាកណ្ដាលរូបនេះកុំឱ្យកាត់សេចក្ដី២ប្រកួតតែម្ដង។
Devis មិនត្រឹមតែបង្ហាញកាយវិការនៅលើទីលានប៉ុណ្ណោះទេ ដោយវិទ្យុ Cadena SER បានបញ្ជាក់ទៀតថាជំនួយការអាជ្ញាកណ្ដាលរូបនេះថែមទាំងបង្ហាញកាយវិការគោរពកីឡាករ Barcelona នៅកន្លែងដើរចេញមកទីលានទៀតផង។ ហេតុដូច្នេះហើយក្នុងការប្រកួត El Clasico កន្លងទៅនោះ មានកីឡាករ Real Madrid ជាច្រើនមិនពេញចិត្តចំពោះការកាត់សេចក្ដីនោះទេ បើទោះជាការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក៏ដោយ។
ត្បិតតែយ៉ាងនេះក្ដី ការពិន័យទៅលើអាជ្ញាកណ្ដាលនេះគឺត្រូវឡើងដោយសម្ងាត់បំផុត ដោយមិនមានការប្រកាសជាសាធារណៈអ្វីនោះទេ ហើយដំណឹងដែលវិទ្យុខាងលើទទួលបាននេះគឺធ្លាយចេញពីផ្ទៃក្នុងតែប៉ុណ្ណោះ៕
មតិយោបល់