ព័ត៌មានកីឡា

គ្រូ​បង្វឹក​ឥណ្ឌូនេស៊ី ​ចង់​ឈ្នះ​ថៃ​លើក​ពាន AFF Suzuki Cup ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ

លោក Alfred Riedl ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូនស៊ី ​ថា​ក្រុម​របស់​លោក​នឹង​ប្រឹងប្រែង​ខ្លាំង​បំផុត ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​យក​ឈ្នះ​ថៃ ​លើក​ពាន AFF Suzuki Cup ​នៅ​ឆ្នាំ​នេះ។

​ក្រុម​ឥណ្ឌូនស៊ី ​នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ ​ជាមួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ថៃ ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ នៅ​ទឹក​ដី​របស់​ឥណ្ឌូនស៊ី​ផ្ទាល់​តែ​ម្ដង។ មុន​ការ​ប្រកួត​នេះ​ចាប់ផ្ដើម លោក Alfred ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “​យើង​កំពុង​លេង​ជា​មួយ​ក្រុមខ្លាំង​នៅ​អាស៊ាន ​ដូច្នេះ​យើង​ដឹង​ថា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​នឹង​បង្កើត​ប្រវត្តិសាស្ត្រ ​ហើយ​ឈ្នះ​វា​ឱ្យ​បាន​នៅ​ឆ្នាំ​នេះ។ យើង​មាន​គុណសម្បត្តិ​ព្រោះ​ជើង​ទី​១​យើង​លេង​នៅ​ដី​របស់​យើង ជាមួយ​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​”។

ឥណ្ឌូនស៊ី ​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​មែនទែន ​ក្នុង​ពាន​រង្វាន់ Suzuki Cup ​នេះ ​ព្រោះ​សហព័ន្ធ​បាល់ទាត់​មួយ​នេះ​ត្រូវ​បាន​គេ​ពិន័យ​មិន​ឱ្យ​ពាក់ព័ន្ធ​និង​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០១៤​មក​ហើយ។ ដូច្នេះ​មាន​ន័យ​ថា​ការ​ចូល​លេង​ពាន​រង្វាន់​នេះ ​គឺ​ពួកគេ​មិន​បាន​ប្រកួត​មិត្តភាព​អ្វី​ច្រើន​ដូច​ក្រុម​ប្រទេស​ដទៃ​ទៀត​ទេ។

នេះ​ជា​លើក​ទី​៥​ហើយ ​ដែល​ក្រុម​ឥណ្ឌូនស៊ី​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​ប៉ុន្តែ​ក្នុង​ចំណោម​ទាំង​៤​ដង​នៅ​ឆ្នាំ ២០០០ ២០០២ ២០០៤ ​និង​២០១០ ​កន្លង​មក​នោះ ​មិនដែល​ទទួល​បាន​ជើង​ឯក​ម្ដង​ណា​ទេ៕

 

 

មតិយោបល់