Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយទៀតហើយ កាលពីយប់មិញក្រោយពីរូបគេរកបាន១គ្រាប់ជួយ Real madrid ឈ្នះ Club America ២-០ ក្នុងការប្រកួត FIFA Club World Cup នៅប្រទេសជប៉ុន។
កំណត់ត្រាថ្មីនោះ គឺជាការរកគ្រាប់បាល់បានរហូតដល់៥០០គ្រាប់ក្នុងអាជីពរបស់គេ ពោលគឺជាកំណត់ត្រាមួយដែលមិនសូវមានកីឡាករណាអាចធ្វើបាននោះទេ នាពេលបច្ចុប្បន្ននេះ។ ៥០០គ្រាប់របស់ម្ចាស់ពាន Ballon d’Or រូបនេះ ធ្វើបាននៅក្លឹបចំនួន៣ដែលរូបគេធ្លាប់លេងឱ្យកន្លងមក។ ដោយនៅក្លឹប Sporting ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រកបាន៥គ្រាប់ ដែលជាក្លឹបចាប់ផ្ដើមនៃអាជីពរបស់គេ។ ក្លឹបទី២នៅ Manchester United រកបាន១១៨គ្រាប់ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson និងចុងក្រោយគឺ Real Madrid ដែលកំពុងលេងនាពេលបច្ចុប្បន្ននេះ រកបាន៣៧៧គ្រាប់ហើយ។
ដូច្នេះសរុបជារួមមក Cristiano Ronaldo រកគ្រាប់បាល់បាន៥០០គ្រាប់ហើយជាមួយក្លឹបអាជីពរបស់គេ ដោយមិនគិតពីគ្រាប់បាល់លេងនៅជម្រើសជាតិនោះទេ។
សូមបញ្ជាក់ថា Real Madrid នឹងត្រូវលេងប្រកួតផ្ដាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះជប៉ុន Kashima Antlers នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងពានរង្វាន់ FIFA Club World Cup ៕
https://www.youtube.com/watch?v=t4LRMydelnI
មតិយោបល់