អ្នកចាំទី Gianluigi Buffon បាននិយាយលក្ខណៈលេងបន្លប់មែនថារូបគេនឹងបន្ដលេងបាល់រហូតដល់អាយុ៦៥ឆ្នាំ ដើរលេងចង់រួចទើបចូលនិវត្តន៍ពីវិស័យមួយនេះ។
កីឡាកររបស់ Juventus ខាងលើនេះនឹងឈានចូលវ័យ៣៩ឆ្នាំនៅខែមករាខាងមុខនេះហើយ ខណៈដែលកុងត្រានៅសល់របស់គេគឺត្រឹមនៅរដូវកាលក្រោយឯណោះ។ យ៉ាងណាមិញ អ្នកចាំទីជម្រើសជាតិអ៊ីតាលីរូបនេះបានបញ្ជាក់ថាខ្លួននឹងបង្ហាញវត្តមានម្ដងទៀតនៅព្រឹត្តិការណ៍ FIFA World Cup នាឆ្នាំ២០១៨ខាងមុខនៅប្រទេសរុស្ស៊ី។
“តើខ្ញុំគួរតែនិយាយពាក្យលានៅ១០ឆ្នាំទៀត ឬ១៥ឆ្នាំទៀត? នរណាអាចដឹងបាន ខ្ញុំប្រហែលជាអាចនឹងចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំឯណោះ។ ខ្ញុំនៅមិនទាន់មានអារម្មណ៍ចាស់នោះទេ នៅត្រឹមវ័យ៣៨ឆ្នាំនេះ។ ខ្ញុំមិនទាន់អស់កម្លាំងនោះទេ”។ សម្ដីរបស់ Buffon ។
បុរសខាងលើនេះ ជាកីឡាករលេងនៅក្លឹប Juventus តាំងពីឆ្នាំ២០០១មក ដោយរយៈពេលប៉ុន្មានឆ្នាំមកនេះ រូបគេបានជួយក្លឹបឈ្នះពានជាច្រើន ពោលគឺពានលីគកំពូលអ៊ីតាលី Serie A ដល់ទៅ៧ដងឯណោះ៕
https://www.youtube.com/watch?v=0pLLCyBVrQ4
មតិយោបល់