ព័ត៌មានកីឡា

PSG ប្រជែងទិញ Salah

ក្រុមសេដ្ឋីបារាំង ថ្វីដ្បិតតែទិញ Neymar និង Kylian Mbappe មកហើយមិន ទាន់ជោគជ័យដូចអ្វីដែល​ពួកគេរំពឹងទុកក៍ដោយ តែក្លិបមួយនេះ នៅមិនទាន់បោះ​បង់មហិច្ចតារបស់ពួកគេឡើយ ដោយបន្តតាមប្រមាញ់កីឡាករល្អៗមកបន្ថែមទៀត ដើម្បីពង្រឹងក្លិបឲ្យកាន់តែប្រសើរជាងមុន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Le10 Sports ពីប្រទេសបារាំង បានឲ្យដឹងថា​ ក្រុម Paris Saint Germain តាមប្រមាញ់យក Mohamed Salah ជាមួយក្រុម Real Madrid នៅរដូវកាលក្រោយនេះ។ នេះមិនមែនជា​លើកទី១នោះទេ ដែលក្រុម Paris Saint Germain ចង់បាន Salah នោះ ក៍ប៉ុន្តែលើកនេះ ក្រុមសម្បូរលុយ របស់បារាំងមួយនេះ មានគម្រោងនាំយក​កីឡាករ​អេហ្ស៊ីបរូបនេះឲ្យបាន​ ដោយមិនឲ្យក្រុម Real Madrid ដណ្តើមយកបានមុន​ឡើយ។

យ៉ាងណាវិញ វាមិនងាយស្រួលឡើយ សម្រាប់ក្រុមជើងឯកបារាំងមួយ​នេះ ក្នុងការតាមប្រមាញ់ Salah នោះ ព្រោះថា​ Real Madrid ក៍មិនខុសពីក្លិបបារាំងមួយនេះដែរ​ បានដាក់គោលដៅច្បាស់ ក្នុងការនាំយក​ Salah មកកាន់ Betnabeu ដូចគ្នា។ ក៍ប៉ុន្តែ ក្រុម Paris Saint Germain ធ្លាប់ប្រជែង​ឈ្នះ Real Madrid ម្តងរួចមកហើយ កាលពីរដូវកាលមុន ក្នុងការទិញយក Kylian Mbappe ពីក្រុម AS Monaco ។ ម្យ៉ាងវិញទៀតនោះ Paris Saint Germain មានកីឡាករមួយរូប គឺ Neymar ដែល Real Madrid ចង់បាន ស្រួលមិនស្រួល បើ Paris Saint Germain ទិញមិនបាន Salah នោះ ប្រហែលជាមិនលក់ Neymar ឲ្យ Real Madrid វិញឡើយ។

តោះចូលរួមទស្សទាយទាំងអស់គ្នា តើរវាង​ Paris Saint Germain និង Real Madrid មួយណាអាចនាំយក Mohamed Salah ពី Liverpool បាននោះ។

មតិយោបល់