ព័ត៌មានកីឡា

Kiatisuk ៖ ​យើង​ឈ្នះ​ពាន​នេះ ​ដើម្បី​អបអរ​ការ​ឡើង​កាន់​តំណែង​ស្ដេច​ថ្មី​របស់​យើង

Kiatisuk Senamuang ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​បាន​និយាយ​ថា​ការ​ឈ្នះ​ពាន​រង្វាន់ AFF Suzuki Cup 2016 ​នេះ គឺ​ដើម្បី​ជា​ការ​អបអរ​ការ​ឡើង​កាន់​តំណែង​របស់​ស្ដេច​ថ្មី​នៃ​ប្រទេស​ថៃ Maha Vajiralongkorn ​ក៏​ដូចជា​អ្នក​គាំទ្រ​សម្រាប់​ឆ្នាំ​ថ្មី។

ក្រុម​ថៃ​បាន​យក​ឈ្នះ​ឥណ្ឌូនេស៊ី ២-០ ​ក្នុង​ជើង​ទី​២​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក៏​ដូចជា​ឈ្នះ​ ៣-២ ​ដោយ​គិត​បូក​ទាំង​ជើង​ទី​១ ​ដើម្បី​លើក​ពាន​រង្វាន់ AFF Suzuki Cup 2016 ​ជា​លើក​ទី​៥​របស់​ខ្លួន ក៍​ដូចជា​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ក្រុម​ឈ្នះ​ពាន​រង្វាន់​ក្នុង​តំបន់​អាស៊ាន​នេះ​បាន​ច្រើន​ជាង​គេ។

ក្នុង​ឱកាស​ឈ្នះ​ពាន​នេះ​ដែរ ​លោក Kiatisuk ​បាន​និយាយ​ដូច្នេះ​ទៀត​ថា​៖ “យើង​យក​ពាន​នេះ ដើម្បី​អបអរ​ស្ដេច​ថ្មី​របស់​យើង យើង​យក​ពាន​នេះ​ដើម្បី​ជូន​អ្នក​គាំទ្រ​របស់​យើង​សម្រាប់​ឆ្នាំ​ថ្មី ហើយ​ពាន​មួយ​នេះ​ក៏​សម្រាប់​ជូន​ដំណើរ​ព្រះ​បាទBhumibol Adulyade ​ទៅ​កាន់​កន្លែង​ស្ងប់​សុខ​ផង​ដែរ។ ខ្ញុំ​ទទួល​បាន​ការ​ផ្ដល់​យោបល់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ​ហើយ​ខ្ញុំ​ចង់​នាំ​ក្រុម​នេះ​ទៅ​មុខ ​និង​ចង់​ឱ្យ​អ្នក​គាំទ្រ​ទុក​ចិត្ត​ខ្ញុំ”។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​នៅ​មាន​ភារកិច្ច​ធំ​មួយ​នៅ​ព្រឹត្តិការណ៍​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2018 ​ដោយ​ស្ថិត​ក្នុង​ពូល​ជា​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​នៅ​ទ្វីប​អាស៊ី​នេះ។ ​ដោយ​បច្ចុប្បន្ន​ពួកគេ​បាន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ​តែ​ក៏​នៅ​សល់​ប្រកួត​ច្រើន​ទៀត​ដែរ៕

 

មតិយោបល់