ព័ត៌មានកីឡា

Liverpool ​គួរ​តែ​ទិញ Suarez ​ពី Barcelona ​មក​វិញ?

លោក John Aldridge ​វិរបុរស​របស់​ក្លឹប Liverpool ​បាន​និយាយ​ថា​លោក Jurgen Klopp ​គួរ​តែ​ពិចារណា​ទិញ​ខ្សែ​ប្រយុទ្ធ Luis Suarez ​ពី​ក្លឹប FC Barcelona ​មក​វិញ ​ប្រសិន​បើ​ចង់​ជោគជ័យ​នៅ​លីគ​អង់គ្លេស។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ខាង​លើ​បាន​ចាកចេញ​ពី Liverpool ​ទៅ​លេង​នៅ​ក្លឹប Barcelona ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន ​ក្រោយ​ពី​កីឡាករ​រូប​នេះ​សឹង​តែ​ជិត​នឹង​ជួយ​ក្រុម​ហង្ស​ក្រហម​បាន​លើក​ពាន​ទៅ​ហើយ។ យ៉ាងណាមិញ ​ការ​ចាកចេញ​របស់​ Suarez ​ពិត​ជា​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​រាង​ពិបាក​បន្តិច​មែន​ក្នុង​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ពង្រឹង​ក្រុម​ឡើង​វិញ បើ​ទោះ​ជា​ប្រាក់​ដែល​លក់​បាន​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន។

ស្រប​ពេល​និង​ការ​ខកខាន​លើក​ពាន​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ អតីត​កីឡាករ ​John Aldridge ​ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម Liverpool ​ដែរ​នោះ ​មើល​ឃើញ​ថា​ក្រោម​ការ​ដឹក​នាំ​របស់​លោក Klopp ​គឺ​ក្រុម​មាន​សមត្ថភាព​អាច​លើក​ពាន​បាន ​ប្រសិន​បើ​មាន​តំបន់​ប្រយុទ្ធ​ល្អ។ ដូច្នេះ​ហើយ ​បាន​ជា​លោក​គិត​ថា​ក្រុម​មួយ​នេះ ​គួរ​តែ​ទិញ​យក​ Suarez ​មក​វិញ ​ប្រសិន​បើ​មាន​បំណង​ចង់​លើក​ពាន​ពិត​ប្រាកដ​មែន។

“អ្នក​ចាត់ការ​ត្រូវ​ដឹង​ថា​គាត់​នឹង​ត្រូវ​ទិញ​នរណា ​ប៉ុន្តែ​បើ​មិន​អាច​ទិញ​ត្រូវ​មនុស្ស​ទេ​នោះ ​គួរ​តែ​ប្រើ​ក្មេង​ៗ​វិញ​ល្អ​ជាង។ យើង​មាន​លុយ​គ្រប់​គ្រាន់ ​ប៉ុន្តែ​គាត់​បែរ​ជា​មិន​ចេញ​ទៅ​ក្រៅ​រក​ទិញ​ទៅ​វិញ។ ​សម្រាប់​ខ្ញុំ ​ខ្ញុំ​នឹង​ទៅ​ទិញ​យក Suarez ​ត្រលប់​មក​វិញ”។ សម្ដី​របស់​លោក Aldridge ៕

មតិយោបល់