សមាជិកក្រុម Manchester United ទាំងអស់នឹងត្រូវកាត់ប្រាក់ឈ្នួលរហូតដល់២៥% នៅដំណាច់ឆ្នាំ ប្រសិនបើមិនអាចជួយក្រុមឱ្យឡើងទៅលេងពានរង្វាន់ UEFA Champions League បានទេនោះ។
កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក Louis van Gaal ក្រុមកីឡាករបិសាចក្រហមត្រូវបានកាត់កញ្ចប់ប្រាក់ឈ្នួលរបស់ខ្លួនរួចម្ដងមកហើយ ដោយកាត់២៥%ដូចគ្នា។ ខណៈដែលរដូវកាលនេះវិញ ប្រសិនបើនៅតែមិនអាចឡើងទៅលេងនៅ Champions League បានវិញទេ នោះពួកគេក៏នឹងត្រូវប្រឈមជាមួយការកាត់នេះដូចគ្នា។
ការកាត់នេះដែរ គឺដោយសារតែកុងត្រាអាវជាមួយ adidas បានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើក្លឹបមិនអាចឡើងទៅលេងនៅ Champions League ដល់ទៅ២រដូវកាលជាប់គ្នានោះ គឺពួកគេនឹងកាត់ប្រាក់កុងត្រាដល់ទៅ៣០%ឯណោះដែរ។
ក្រុមបិសាចក្រហមគិតត្រឹមពាក់កណ្ដាលរដូវកាលនេះ ពួកគេកំពុងតែឈរនៅលេខរៀងទី៦ ដោយចាញ់ពិន្ទុក្រុម Man City លេខ៥ចំនួន២ពិន្ទុ ៕
មតិយោបល់