លោក សំ រម្ម័ន អ្នកចាត់ការទូទៅក្រុមឆន្ទៈកីឡា បានបង្ហាញមោទនភាពចំពោះកូនក្រុម ទោះអស់ឱកាសឡើងវគ្គេផ្តាច់ព្រ័ត្រពានរង្វាន់ Soccer League ឆ្នាំ២០១៧។
ថ្លែងក្រោយចាញ់ សសយក កំចាយមារ ១-០ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ អ្នកចាត់ការទូទៅរូបនេះបាននិយាយថា លោកសប្បាយចិត្តត្បិតកូនក្រុមបង្ហាញឆន្ទៈខ្ពស់លើទីលាន ហើយបង្ហាញទម្រង់លេងយ៉ាងល្អ។
« ទោះចាញ់មែន តែខ្ញុំមានមោទនភាពសម្រាប់កូនក្រុមខ្ញុំ ដែលពួកគេប្រឹងប្រែងយ៉ាងខ្លាំង ដោយឆន្ទៈរួមគ្នាចង់ឈ្នះការប្រកួតនេះ។ ពួកយើងលេងបានល្អ ឱកាសមានទៅមានមកដែរ ប៉ុន្តែធ្វើមិនបានសម្រេច អញ្ចឹងមានតែជូនពរ កំចាយមារ សំណាងល្អនៅវគ្គផ្តាច់ព្រ័ត្រ។ » សម្តីលោក រម្ម័ន។
ឆន្ទៈកីឡា បានត្រឹមប្រកួតយកលេខ៣ ក្រោយចាញ់ សសយក កំចាយមារ ១-០ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតនឹងធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែមករា ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ ហើយមានការផ្សាយផ្ទាល់លើទំព័រ Post Sport ។
ចំណែកវគ្គផ្តាច់ព្រ័ត្រ សសយក កំចាយមារ នឹងប៉ះ ពោធិសែនជ័យ នៅថ្ងៃទី២៦ ខែមករា ខាងមុខ នៅពហុកីឡដ្ឋានជាតិ អមដោយការប្រកួត All Start Soccer League និងអ្នកសិល្បៈល្បីៗជាច្រើន។
មតិយោបល់