ភ្នំពេញៈ ជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ នែម រតនៈ ភេទប្រុស អាយុ៣៣ឆ្នាំ បានចោទមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃថា ធ្លាប់បាន យកលុយរបស់ខ្លួនចំនួន ប្រមាណជាជិត ៧០០០ដុល្លារ ដើម្បីជាថ្នូរនឹងការបញ្ជូនរូបគេ ទៅកាន់មណ្ឌលកែប្រែ ជាឱកាសបានរួចខ្លួនពីការជាប់ពន្ធនាគារ។
ជនសង្ស័យបាន ថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលនគរបាលបញ្ជូនទៅដល់មន្ទីរប្រឆាំងគ្រឿងញៀន គេបានទារលុយចំនួន២ម៉ឺនដុល្លារ លុះដោះស្រាយចុះឡើងអស់ជិត ៧០០០ដុល្លារ ហើយមិនទាន់ឲ្យទៅផ្ទះទេគេត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនសិន។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក អ៊ិន សុង ប្រធានការិយាល័យ ក.៩ នៃមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃបាន ថ្លែងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចការិយាល័យរបស់លោកបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នែម រតនៈ នៅចំណុចស្តុបស្ពានដែក ស្ថិតតាមបណ្តោយផ្លូវលេខ ៣៧១ ជាប់ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមិនមានរកឃើញរកឃើញគ្រឿងញៀននៅលើខ្លួនរបស់ជនសង្ស័យនោះ ទើបសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរូបនោះទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ហើយក្រោយមកលោក សៀង សុខ ជាតំណាងអយ្យការបានសម្រេចបញ្ជូនជនសង្ស័យរូបនោះទៅកាន់មណ្ឌលស្តានីតិសម្បទា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតនៅសង្កាត់ក្រាំងធ្នង់។
លោក អ៊ិន សុង បានបដិសេធថា រឿងលុយ ៧០០០ដុល្លារដែលជនសង្ស័យចោទថា នគរបាលខាងលោកយកជាថ្នូរនឹងការដោះលែងនោះគឺមិនពិតទេ ដោយលោកអះអាងថា កុំថាឡើយលុយ ៧០០០ដុល្លារ គ្រាន់តែលុយបង់ថ្លៃមណ្ឌលក៏ជនសង្ស័យគ្មានផង។
គួរបញ្ជាក់ថា ការបែកធ្លាយរឿងអាស្រូវ ដ៏ចម្រូងចម្រាសនេះបានកើតឡើងនៅគ្រាដែលជនសង្ស័យឈ្មោះ នែម រតនៈ ត្រូវបានសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយដកហូតនូវថ្នាំញៀន ១៧កញ្ចប់ ( ៩កញ្ចប់ធំ និង ៨កញ្ចប់តូច ) កាំភ្លើងប៊ិច ១ដើម និងវត្ថុតាងវិចខ្ជប់គ្រឿងញៀនមួយចំនួន។
អ្វីដែលគួរឲ្យមហាជនងឿងឆ្ងល់នោះគឺ នៅត្រង់ថា ជនសង្ស័យឈ្មោះ នែម រតនៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំនួន ២ដងក្នុងមួយខែ ដោយគិតពីថ្ងៃឃាត់ខ្លួនលើកទី១ មកដល់ថ្ងៃឃាត់ខ្លួនលើកទី២ គឺទើបតែបានចំនួន ៨ថ្ងៃតែប៉ុណ្ណោះ ដែលក្រុមអ្នកច្បាប់មួយចំនួន បានលើកឡើងថា តាមផ្លូវច្បាប់ជនសង្ស័យដែលត្រូវបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែស្តានីតិសម្បទា យ៉ាងហោចណាស់ក៏ត្រូវរស់នៅដើម្បីទទួលបានការព្យាបាលបន្សាបសារធាតុញៀនពីក្នុងខ្លួនរយៈពេល ៣ ទៅ៦ខែដែរ។ ក្រុមអ្នកច្បាប់ បានលើកជាសំនួរថា ប៉ុន្តែចំពោះករណីឈ្មោះ នែម រតនៈ នេះហេតុអ្វីទើបតែជាង១០ថ្ងៃ ជនសង្ស័យអាចចេញពីមណ្ឌលមកលក់គ្រឿងញៀនបានទៀតទៅហើយ? សូមស្ថាប័នមានសមត្ថកិច្ចមេត្តាជួយពិនិត្យការងារនេះផង៕
មតិយោបល់