គ្រួសាររបស់ខ្សែបម្រើប្រយុទ្ធ Sadio Mane របស់ក្រុម Liverpool ត្រូវគេវាយប្រហារនៅស្រុកកំណើត ក្រោយពីកីឡាកររូបនេះស៊ុតបាល់ប៉េណាល់ទីមិនចូល ធ្វើឱ្យជម្រើសជាតិសេនីកាល់ធ្លាក់ចេញពីពាន AFCON វគ្គ៨ក្រុមចុងក្រោយ។
បើតាមរបាយការណ៍ពីស្រុកកំណើតនោះមក ក្រោយពី Mane ស៊ុតបាល់នោះមិនចូល មានគេលួចទៅគប់ឡានរបស់ពូកីឡាកររូបនេះ ឱ្យខូចខាត។ យ៉ាងណាមិញ ខាងក្រុមគ្រួសារនោះក៏បានឃើញមុខក្រុមអ្នកគប់នោះដែរ ដោយបានដាក់ពាក្យបណ្ដឹងទៅខាងប៉ូលិសក្នុងតំបន់ហើយ។ Mane បានទៅលេងឱ្យជម្រើសជាតិសេនីកាល់ក្នុងពានរង្វាន់ខាងលើនេះ ដោយមិនបានចូលរួមជាមួយក្រុម Liverpool អស់ជាច្រើនប្រកួត។
បើទោះជាយ៉ាងនេះក្ដី ការត្រលប់មកជួយក្រុមហង្សក្រហមវិញនេះគឺជារឿងល្អមែនទែន ដោយរូបគេជាអ្នកស៊ុតបាន២គ្រាប់ជួយ Liverpool យកឈ្នះក្រុម Spurs ២-០ កាលពីប្រកួតសប្ដាហ៍ទី២៥កន្លងទៅនេះ៕
មតិយោបល់