Post News Media ព័ត៌មានកីឡា Rafa Benitez ...

Rafa Benitez ​អាច ​ជា​មនុស្ស​ជំនួស Wenger ​នៅ​ក្លឹប Arsenal

លោក Rafa Benitez ​គឺ​ជា​បេក្ខភាព​ដែល​គេ​មើល​ឃើញ​ថា​អាច​នឹង​ជំនួស​លោក Arsene Wenger ​បាន​នៅ​ក្លឹប Arsenal ​ក្រោយ​ពី​តា​បារាំង​ម្នាក់​នេះ​ដឹក​នាំ​ក្រុម​កាន់​តែ​ដុបដាប​ខ្លាំង​នៅ​រដូវ​កាល​នេះ។

បរាជ័យ ៥-១ ​ក្រោម​ថ្វី​ជើង​របស់ Bayern Munich ​ក្នុង​ពាន​រង្វាន់ Champions League ​ជើង​ទី​១​នោះ ​បាន​ធ្វើ​ឱ្យ​កៅអី​របស់​លោក Wenger ​កាន់​តែ​ក្ដៅ​ឡើង​ហើយ ​ស្រប​ពេល​ដែល​ការ​ដឹក​នាំ​របស់​លោក​នៅ​លីគ​អង់គ្លេស​ក៏​មិន​ទាន់​បាន​ល្អ​ដែរ​នោះ។ ដោយ​ឡែក​អ្នក​គាំទ្រ​វិញ ​ក៏​មាន​បំណង​ចង់​បាន​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម​ដែរ ត្បិត​អី​អ្នក​ចាត់ការ​បច្ចុប្បន្ន​ដឹក​នាំ​ក្រុម​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ តែ​មិន​ទាន់​ទទួល​បាន​ផ្លែផ្កា​ច្រើន​ដូច​អ្វី​ដែល​ចង់​បាន​សោះ។

បុរស​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ជំនួស​លោក Wenger ​បាន​នោះ គឺ​លោក Benitez ​ដែល​កំពុង​តែ​ដឹក​នាំ​ក្រុម Newcastle United ​លេង​នៅ​លីគ​ទី​២​របស់​អង់គ្លេស។ អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​រូប​នេះ​បាន​និយាយ​ថា​ខ្លួន​ក៏​មាន​បំណង​ចង់​ដឹក​នាំ​ក្រុម​កាំភ្លើង​ធំ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ក្រុម​ Newcastle ​សិន ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគេ​បាន​ឡើង​មក​លេង​នៅ​លីគ​កំពូល​វិញ៕