ព័ត៌មានកីឡា

Carlos Tevez ​មិន​សប្បាយ​​ចិត្ត ​ហើយ​ចង់​ចាកចេញ​ពី​ប្រទេស​ចិន​វិញ

ខ្សែ​ប្រយុទ្ធ Carlos Tevez ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​នៅ​ក្លឹប​ប្រទេស​ចិន​នោះ​ទេ ​ហើយ​ចង់​ត្រលប់​ទៅ​លេង​នៅ​ប្រទេស​អាហ្សង់ទីន​វិញ ​ក្រោយ​ចុះ​កុងត្រា​បាន​ត្រឹម​តែ​រយៈ​ពេល​៣​ខែ​ប៉ុណ្ណោះ។

កាសែត​នៅ​ប្រទេស​អាហ្សង់ទីន​ឈ្មោះ​ថា Ole ​បាន​ចុះ​ផ្សាយ​ថា​ Tevez ​លេង​ឱ្យ​ក្លឹបShanghai Shenhua​ ​ដោយ​មិន​មាន​ភាព​សប្បាយ​ចិត្ត​នោះ​ទេ ​ទើប​បាន​ជា​រូបគេ​មាន​ទម្រង់​លេង​មិន​ល្អ ​ហើយ​ក៏​មិន​សួវ​យល់​ចិត្ត​គ្នា​ជាមួយ​កីឡាករ​ដទៃ​ទៀត។ ហេតុដូច្នេះ​ហើយ ​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ ​មិន​ចង់​នៅ​ប្រទេស​ចិន​ត​ទៅ​ទៀត​ទេ ​ដោយ​រូបគេ​ចង់​ទៅ​លេង​នៅ​អាហ្សង់ទីន​វិញ ​បើ​ទោះ​ជា​នៅ​ទីនេះ​មាន​ប្រាក់​ខែ​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ។

យ៉ាងណាមិញ ​ភ្នាក់ងារ​ទី​ផ្សារ​របស់​អតីត​កីឡាករ Manchester United ​រូប​នេះ ​មិន​មាន​អ្វី​ឆ្លើយ​តប​ចំពោះ​ដំណឹង​នេះ​ទេ ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​មិន​ចាកចេញ​ទៅ​ណា​ជា​ដាច់​ខាត។ ត្បិត​អី​រូបគេ​មាន​កុងត្រា​២​ឆ្នាំ​ប្រទេស​ចិន ​ដែល​អាច​ឱ្យ​រក​ចំណូល​បាន​មិន​តិច​ជាង​៦០​លាន​ដុល្លារ​ឡើយ៕

មតិយោបល់