ក្នុងពិភពប្រដាល់ ដើម្បីជម្រុញកម្មវិធីអោយកាន់តែមានភាពទាក់ទាញអ្នករៀបចំតែងតែបង្កើតជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់។ ក្រិតក្រមនៃការប្រកួត លក្ខខណ្ឌ និងប្រាក់រង្វាន់ ត្រូវបានកំណត់ផ្សេងគ្នា តាមកម្មវិធីនិមួយៗ។ ប៉ុន្តែម្ចាស់ជើងជើងឯកដូចគ្នា ហេតុអ្វីអ្នកគាំទ្រខ្មែរអោយតម្លៃខ្សែក្រវ៉ាត់ថៃដែលវាយមួយយប់បាន ខុសស្រឡះពីខ្សែក្រវ៉ាត់ក្នុងស្រុកដែលវាយដល់ទៅ៣ខែ?
នៅកម្ពុជាការប្រកួតយកខ្សែក្រវ៉ាត់ភាគច្រើន តែងមានកីឡាករ៨នាក់ចូលរួម ក្នុងនោះខ្មែរ៤ និងបរទេស៤ ហើយម្នាក់ៗត្រូវជួបគ្នាវគ្គសន្សំពិន្ទុ៣ដង ដើម្បីយក៤នាក់ទៅប្រកួតខ្វែង ហើយយក២នាក់ឈ្នះទៅប្រកួតផ្តាច់ព្រ័ត្រ។ សរុបទៅទម្រាំបានខ្សែក្រវ៉ាត់មួយកីឡាករម្នាក់ៗត្រូវចំណាយពេលហោចណាស់៣ខែ។ ទោះបីជានឿយហត់រហូតរាប់ខែក្តី ប៉ុន្តែខ្សែក្រវ៉ាត់ទាំងនោះ មិនត្រូវបានឲ្យតម្លៃស្មើនឹងខ្សែក្រវ៉ាត់ Max Muay Thai ដែលវាយតែ២ប្រកួត ៦ទឹកប៉ុណ្ណោះ។ កន្លងមកនៅពេលដែលអ្នកប្រដាល់ខ្សែឈ្នះខ្សែក្រវ៉ាត់នេះមក ថ្នាក់ដឹកនាំប្រដាល់ និងក្រុមហ៊ុនមួយចំនួនតែងស្កាត់ជួបដើម្បីឧបត្ថម្ភ ខុសស្រឡះពីជើងឯកខ្សែក្រវ៉ាត់ក្នុងស្រុក ឬក៏ខ្សែក្រវ៉ាត់មកពីបារាំងជាដើម គ្មានអ្នកអើពើ។
កន្លងមក សៀវ ង៉ុយ រត់តាំងពីឬស្សីកែវ មកហាត់នៅស្តាតចាស់រាល់ថ្ងៃដើម្បីសម្រួចខ្លួនយកខ្សែក្រវ៉ាត់ Pnn ប៉ុន្តែបានបាត់មុខឈឹងមកទល់ពេលនេះ។ សែន រ៉ាឌី មុនពេលឈ្នះមេដាយវូវីណាម មានខ្សែក្រវ៉ាត់២ក្នុងដៃ ហើយមួយមកពីបារាំងទៀត ប៉ុន្តែមិនដែលមានការយកចិត្តទុកដាក់ឡើយ។
ភាគច្រើនតែងតែនិយាយថា ស្រលាញ់គាំទ្រប្រដាល់ខ្មែរ ប៉ុន្តែរាល់ថ្ងៃបើក្រៅពីគូអន្តរជាតិ កម្មវិធីនោះស្ទើរគ្មានមនុស្សមើល។ ទីណាមានការស្រលាញ់ពិតប្រាកដ?
មតិយោបល់