អនាគតរបស់លោក Arsene Wenger កាន់តែមិនច្បាស់មែនទែនហើយ ក្រោយពីដឹកនាំក្រុម Arsenal ចាញ់ Liverpool ក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។
ហេតុដូច្នេះហើយ ទើបលោក Pual Merson អតីតកីឡាករក្រុមកាំភ្លើងធំម្នាក់បានព្យាករណ៍ថាតាបារាំងនឹងចាកចេញពីក្រុមនៅរដូវក្ដៅនេះហើយ។ ដោយក្រុមថ្មីរបស់អ្នកចាត់ការរូបនេះដែលអាចនឹងទៅដឹកនាំនោះគឺ PSG នៅទឹកដីបារាំងតែម្ដង។ ការដែលហ៊ាននិយាយដូច្នេះ លោក Merson មានហេតុផលថាក្រោមការដឹកនាំរបស់ Wenger ក្រុមកាំភ្លើងមិនមានអ្វីទៅមុខទៀតនោះទេ ដោយតែងតែរបូតឱកាសលើកពានរង្វាន់ជានិច្ច បើទោះជាផ្ដើមរដូវកាលល្អយ៉ាងណាក៏ដោយ។
ដូច្នេះការដឹកនាំរបស់លោក Wenger រក្សាពេល២០ឆ្នាំមកនេះ គឺឈានដល់ចំណុចមួយដែលត្រូវបញ្ចប់ហើយ បើទោះជាលោកមានគុណសម្បត្តិច្រើនយ៉ាងណាក៏ដោយ។ ដោយឡែកការទៅដឹកនាំក្រុម PSG វិញ អ្នកចាត់ការរូបនេះអាចមានភាគរយខ្ពស់ ព្រោះក្លឹបនៅទីនោះចង់បានរូបលោកទៅដឹកនាំតាំងពីយូរណាស់មកហើយដែរ ប៉ុន្តែអ្នកចាត់ការសញ្ជាតិបារាំងរូបនេះចេះតែមិនដាច់ចិត្តចាកចេញពី Arsenal ។
បុរសវ័យ៦៧ឆ្នាំខាងលើនេះ ចូលដឹកនាំក្រុម Arsenal តាំងពីឆ្នាំ១៩៩៦មក ដោយក្នុងនោះលោកជួយក្រុមនេះឈ្នះពាន Premier League បាន៣ដង FA Cup បាន៦ដង និងពាន Community Shield បាន៦ដង ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ៕
មតិយោបល់