លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវ៉ើល ប៉ងអោយកូនក្រុមខ្លួនគិតថាចាញ់ដៃគូមួយគ្រាប់មុនជាស្រេច នៅពេលចាប់ផ្តើមការប្រកួតនីមួយៗ។ ការលើកឡើងនេះ ក្រោយពេលណាហ្គាវាយបកតាមស្មើក្រសួងការពារជាតិ ១-១ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ។
គ្រូកម្រិត A License រូបនេះបាននិយាយថា ស្ថានភាពពេលដែលដៃគូនាំមុខមុនធ្វើអោយពួកគេប្រមូលអារម្មណ៍បានល្អ និងបង្កើនឆន្ទៈប្រយុទ្ធចង់ឈ្នះកាន់តែខ្លាំង។
« ការប្រកួតខ្ញុំចង់អោយកូនក្រុមខ្ញុំគិតថាដូចចាញ់គេមួយគ្រាប់ជានិច្ច។ ដូចថ្ងៃនេះអញ្ចឹងពួកយើងបាត់បង់ការប្រឹងប្រែងនៅវគ្គទី២បន្តិច ធ្វើអោយគេទាត់ចូល ប៉ុន្តែក្រោយមកពួកយើងប្រមូលអារម្មណ៍មកវិញ ហើយក៏ដាក់សម្ពាធដៃគូរហូតរកគ្រាប់បាល់បានវិញតែម្តង។» សម្តីលោក មាស ចាន់ណា ប្រាប់ Post Sport ។
គ្រូដែលជំនាញរៀបចំក្រុមរូបនេះ បានបន្ថែមថាលោកពេញចិត្តនឹងលទ្ធផលគ្មានអ្នកចាញ់នេះ ប៉ុន្តែក្រុមនៅមានចំណុចខ្វះខាតមួយចំនួនត្រូវកែប្រែ ដើម្បីត្រៀមប៉ះគូប្រជែងធំមួយទៀតគឺ ស្វាយរៀង។
ណាហ្គាវើល បានវាយបកយកស្មើក្រសួងការពារជាតិនៅចុងវគ្គទី២ ចែកគ្នាម្នាក់ ១ពិន្ទុកាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ ។ លទ្ធផលនេះបានជួយអោយក្រុមជើងឯករងលីគកំពូលកម្ពុជា ២០១៥ រក្សាបានចំណាត់ថ្នាក់ Top 4 តាមពីក្រោយទ័ពដែលនៅលេខ៣។
មតិយោបល់