ព័ត៌មានសុខភាព

សញ្ញាព្រមាន៥ចំណុច បើជួប​ស្ត្រីៗ​កុំព្រងើយ​ឲ្យសោះ

មនុស្សស្រីមានអត្រានៃការស្លាប់ដោយសារជំងឺគាំងបេះដូងកម្រិតខ្ពស់ បើធៀបជាមួយនិងជំងឺមហារីកគ្រប់ប្រភេទ។ មូលហេតុ​ដែលធ្វើឲ្យស្រ្តី​ត្រូវ​ប្រឈមនិង​ហានិភ័យខ្ពស់បែបនេះ ក៏ព្រោះតែកត្តាការរស់នៅប្រចាំថ្ងៃ ខ្ជិលធ្វើលំហាត់ប្រាណ ជាពិសេសព្រងើយកន្តើយជាមួយនិង​រោគសញ្ញា​មួយចំនួន​ដូចខាងក្រោម៖

១.ងងុយគេង អស់កម្លាំងខុសធម្មតា
សុភាពនារីដែលជួបបញ្ហានេះ ប្រាកដជាមានអារម្មណ៍អស់កម្លាំងងងុយគេងខុសធម្មតា ទោះបីជាអ្នកបានគេងច្រើនម៉ោង ហើយមិនបានធ្វើការអ្វីធ្ងន់ៗឲ្យអស់កម្លាំងក៏ដោយ។ ដូច្នេះ បើអ្នកកើតមានបញ្ហាបែបនេះមែន កុំមើលរំលងឲ្យសោះ។

២.បែកញើស និងពិបាកដកដង្ហើម
សុភាពនារីមួយចំនួនអាចនឹងយល់ច្រឡំរោគសញ្ញ បែកញើស ថាជាជំងឺផ្តាសាយ។ ប៉ុន្តែ បើរោគសញ្ញាមួយនេះ ឧស្សាហ៍កើតមាន ទោះជាអ្នកកំពុងសម្រាកស្ងៀមក៏ដោយ ហើយថែមទាំងមានអាការៈឈឺទ្រូង ជាពិសេសបន្ទាប់ពីធ្វើលំហាត់ប្រាណរួច វាអាចសញ្ញានៃជំងឺបេះដូងផងដែរ។

៣.ឈឺចាប់ នៅកន្លែងមួយចំនួន
រោគសញ្ញានៃជំងឺបេះដូង មិនមែនឈឺតែចំណុចដើមទ្រូងនោះទេ វាអាចឈឺនៅកន្លែងមួយចំនួនទៀតដូចជា ឈឺថ្គាម ឈឺខ្នង និងឈឺដៃជាដើម។

៤.ក្អួតចង្អោរ

មនុស្សស្រីជាច្រើន ប្រហែលជាបានជួបប្រទះការក្អួតចង្អោរ ហើយពួកគេតែងយល់ថា វាបញ្ហាក្រពះ ប៉ុន្តែទាំងនេះក៏អាចជារោគសញ្ញានៃជំងឺគាំងបេះដូងផងដែរ ប្រសិនបើក្រពះមិនមានបញ្ហាអ្វីនោះ។

៥.ឈឺទ្រូង
អាការៈឈឺទ្រូង គឺឧស្សាហ៍កើតមានចំពោះស្រ្តីណាស់ នៅពេលមករដូវម្តងៗ។ សញ្ញាមួយនេះថ្វីបើពិបាកសម្គាល់បន្តិចមែន ប៉ុន្តែប្រសិនបើអ្នកមានការៈឈឺទ្រូងកើតឡើងជាញឹកញាប់ក្នុងរយៈពេលត្រឹម២-៣នាទី ក៏បាត់ទៅវិញ មានន័យថា អ្នកកំពុងតែប្រឈមនឹងជំងឺបេះដូងហើយ។

ប្រសិនស្រ្តីទាំងឡាយ ដឹងថាខ្លួនកំពុងតែ​មានអាការៈ​មួយចំនួន​ដូចដែលបាន​រៀបរាប់​ខាងលើ សូមប្រញាប់​ទៅជួបគ្រូពេទ្យ ដើម្បី​ពិនិត្យឲ្យ​បាន​ត្រឹមត្រូវ។ រីឯចំពោះមនុស្សប្រុស ក៏មិនគួរមើលរំលងរោគសញ្ញាទាំងនេះដែរ៕

មតិយោបល់