ព័ត៌មានកីឡា

ស៊ុំ វណ្ណា៖ អគ្គិសនី ដូចមានកីឡាករ១២នាក់លេងទល់វេស្ទើន

លោក ស៊ុំ វណ្ណា គ្រូបង្គោលក្រុមវេស្ទើនភ្នំពេញបានបង្ហាញក្តីខកចិត្ត ដោយលើកឡើងថា អគ្គិសនីកម្ពុជា ដូចមានគ្នា១២នាក់ ក្នុងជំនួបវាយបកយកឈ្នះវេស្ទើនភ្នំពេញ ២-១ ម្សិលមិញ នៅកីឡដ្ឋានខេត្តស្វាយរៀង។

អតីតគ្រូជំនួយ U19 ជម្រើសជាតិរូបនេះបានលើកឡើងថា អាជ្ញាកណ្តាល ដឹកនាំការប្រកួតប្រៀបដូចកីឡាករទី១២របស់ដៃគូខ្លួន ដោយកាត់ក្តីល្អៀងទៅខាងម្ចាស់ផ្ទះខ្លាំង។ ពិសេសការផ្តល់បាល់ពិន័យ១១ម៉ែត្រ ទាំងគ្មានហេតុផល ធ្វើឲ្យក្រុមលោកបាក់ទឹកចិត្ត រហូតត្រូវអគ្គិសនីវាយបកយកឈ្នះតែម្តង។

« ខ្ញុំគោរពតាមការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ឃួន វិរ: ប៉ុន្តែខ្ញុំអត់យល់ពីគាត់ កំហុសជាច្រើនលើទីលាន ដូចជាបាល់ខ្ញុំចូល ថាជំហរក្រៅល្បែង , កីឡាករនៅខាងមុខឯណោះមកពិន័យបាល់១១ម៉ែត្រឯណេះវិញ។ និយាយទៅ ទឹកចិត្តកូនក្រុមខ្ញុំគ្មានទៀតទេ ពួកគេព្យាយាមលេងប៉ុន្តែវាហាក់ដូចជាគេមានគ្នា១២នាក់អញ្ចឹង។ » សម្តីគ្រូ ស៊ុំ វណ្ណា។

ក្រោយការប្រកួត គេក៏ឃើញមានវត្តមានប្រធានក្លឹបវេស្ទើនចេញមកតវ៉ាដែរ ដោយចាត់ទុកថានេះជាលទ្ធផលដ៏ពិបាកទទួលយកបំផុត ហើយបង្អាក់ទឹកចិត្តលោកដែលចំណាយថវិការផ្ទាល់ខ្លួនមកជួយបាល់ទាត់។

វេស្ទើន បានរងបរាជ័យជាលើកទី៣ ក្នុងលីគកាលពីម្សិលមិញ ដោយត្រូវអគ្គិសនីកម្ពុជាវាយបកយកឈ្នះ ២-១ យ៉ាងអស្ចារ្យ ក្រោយក្រសែភ្នែកទស្សនិកជនជិត១០០០នាក់។

មតិយោបល់