បើតាមការបញ្ជាក់របស់ក្លឹប Manchester United លោក Sir Alex Ferguson នឹងមកដឹកនាំក្រុមជាថ្មីម្ដងទៀតក្នុងការប្រកួតមួយដែលធ្វើឡើងដើម្បីកីឡាករ Michael Carrick នៅថ្ងៃទី៤ខែមិថុនាខាងមុខ។
Sir Alex បានឈ្នះពានរង្វាន់រហូតដល់៣៨ពានរង្វាន់ជាមួយក្រុមបិសាចក្រហម ហើយក៏បានប្រកាសចូលនិវត្តន៍ក្រោមលក្ខខណ្ឌចង់មានពេលវេលាចុងក្រោយជាមួយក្រុមគ្រួសារ។ តែទោះជាយ៉ាងណាក្ដី បុរសវ័យ៧៥ឆ្នាំរូបនេះនៅតែមានតួនាទីនៅក្លឹបបិសាចក្រហមដដែល ដោយបច្ចុប្បន្នធ្វើជាឯកអគ្គរាជទូតរបស់ក្លឹប។

អ្វីដែលកាន់តែពិសេសនិងជាការចង់បានរបស់អ្នកគាំទ្រនោះ ក្លឹបបិសាចក្រហមបានប្រកាសនៅមុននេះបន្តិចថាអ្នកចាត់ការល្បីឈ្មោះជាងគេនៅលើលោកនេះ នឹងមកដឹកនាំក្រុមបិសាចក្រហមម្ដងទៀត ក្នុងការប្រកួតថ្លែងអំណរគុណដល់ការព្យាយាមរបស់ Carrick ជាមួយក្លឹប។ ដោយ Sir Alex នឹងកាន់ក្រុម Man Utd Co XI ខណៈដែលក្រុមម្ខាងទៀតលោក Harry Redknapp ជាអ្នកកាន់មានឈ្មោះថា Michael Carrick All-Stars XI ៕
មតិយោបល់