ព័ត៌មានកីឡា

ទោះ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត ប៉ុន្តែ Wenger ​កំពុង​ត្រៀម​បន្ដ​កុងត្រា​២​ឆ្នាំ​ទៀត

បើ​តាម telegraph ​បាន​បញ្ជាក់​លោក​ Arsene Wenger ​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​បន្ដ​កុងត្រា​ជាមួយ​ក្លឹប Arsenal ​រយៈ​ពេល​២​ឆ្នាំ​ទៀត ​បើ​ទោះ​បី​ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​មិន​ពេញ​ចិត្ត​ក៏​ដោយ។

Wenger ​ត្រូវ​អ្នក​គាំទ្រ Arsenal ​អាក់អន់​ចិត្ត​ជា​ខ្លាំង ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​នៅ​វគ្គ​១៦​ក្រុម ​និង​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់ Premier League ​ទៀត​នោះ។ យ៉ាងណាមិញ ​មិន​ត្រឹម​តែ​មិន​ពេញ​ចិត្ត​នោះ​ទេ ​ពួកគេ​ក៏​បាន​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ប្រធាន​ក្លឹប​កាំភ្លើង​ធំ​បណ្ដេញ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​ចេញ​ផង​ដែរ ​បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ក៏​ដោយ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​គាំទ្រ​ចង់​បាន​នោះ បែរ​ជា​ផ្ទុយ​គ្នា​ទៅ​វិញ ​ដោយ​លោក Wenger ​មិន​ចង់​ចេញ​ទៅ​ណា​នោះ​ទេ។ លោក​បញ្ជាក់​នឹង​នៅ​បន្ដ​ជាមួយ​ក្លឹប​ Arsenal ​ទៀត ​ហើយ​ក៏​ត្រៀម​នឹង​បន្ដ​កុងត្រា​ជាមួយ​ក្លឹប​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត​ផង​ដែរ។

សូម​បញ្ជាក់​ថា​ក្រោយ​ពី​មាន​ដំណឹង​អាក្រក់​មួយ​រយៈ​មក​នេះ ​មាន​ការ​អះអាង​ជា​ច្រើន​បាន​ចេញ​បញ្ជាក់​ថា​ក្លឹប Arsenal ​អាច​នឹង​យក​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម Dortmund ​មក​ជំនួស។ ដោយ​ឡែក​ក្រោយ​ពី​ធ្លាយ​ដំណឹង​បន្ដ​កុងត្រា​ខាង​លើ​ហើយ ​នោះ​ការ​ចង់​បាន​ Thomas ​មក​ដឹក​នោះ ក៏​ប្រហែល​ជា​រលាយ​តាម​ហ្នឹង​ដែរ ព្រោះ Wenger ​ចង់​ដឹក​នាំ​បន្ដ​ទៀត៕

 

 

 

មតិយោបល់