លោក Diego Simeone អ្នកចាត់ការក្រុម Atletico Madrid បានបញ្ជាក់ថាខ្លួនគ្មានថ្ងៃទៅដឹកនាំក្រុម Real Madrid ជាដាច់ខាត បើទោះជាក្រោមលក្ខខណ្ឌអ្វីក៏ដោយ។
អ្នកចាត់ការវ័យ៤៦ឆ្នាំខាងលើនេះចូលដឹកនាំក្រុម AT Madrid នៅឆ្នាំ២០១១ ហើយបានក្លាយខ្លួនជាអ្នកចាត់ការកំពូលម្នាក់នៅលើលោកនេះនាពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់បុរសសញ្ជាតិអេស្ប៉ាញរូបនេះ AT Madrid បានឈ្នះពានរង្វាន់ Europa League និងលីគកំពូលអេស្ប៉ាញ La Liga ហើយឈានដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បាន២ដងផងដែរ។

ដោយសារតែមានចិត្តចង់ផ្លាស់ចេញពីក្រុមខាងលើនេះហើយ បានជាមានសំនួរជាច្រើនសួរទៅលោក Simeone ថាចង់ទៅដឹកនាំក្រុមណាបន្ដទៀត។ ខណៈដែលសាមីខ្លួនបានឆ្លើយយ៉ាងលឿនថាក្លឹបថ្មីរបស់លោក គឺមិនមែនជា Real Madrid នោះទេ។ “ខ្ញុំនឹងមិនទៅដឹកនាំក្រុម Real Madrid នោះទេ។ វាជារឿងអារម្មណ៍ ហើយពួកគេក៏មិនចង់បានខ្ញុំដែរ។ ខ្ញុំនៅក្មេង ប្រហែលជាថ្ងៃណាមួយខ្ញុំនឹងដឹកនាំក្រុមធំមួយនៅអេស្ប៉ាញ” សម្ដីរបស់លោក Simeone ។
អ្នកចាត់ការខាងលើនេះជាអតីតកីឡាកររបស់ Sevilla ហើយរូបគេក៏ជាអ្នកស្អប់ក្រុម Real Madrid ម្នាក់ផងដែរ។ បុរសវ័យ៤៦ឆ្នាំរូបនេះ បានប្រកាសថាខ្លួននឹងចាកចេញពី AT Madrid ដើម្បីទៅដឹកនាំក្រុមថ្មីមួយទៀតហើយនៅចប់រដូវកាលនេះ៕
មតិយោបល់