ខ្សែការពារ Pepe នឹងត្រូវចាកចេញពីក្រុម Real Madrid នៅរដូវក្ដៅខាងមុខនេះហើយ ដោយកាលពីលើកមុនរូបគេបានបញ្ជាក់ថាអាចនឹងទៅលេងឱ្យក្លឹប Hebei Fortune ក្នុងលីគកំពូលរបស់ប្រទសចិន។
យ៉ាងណាមិញ ពេលនេះកីឡាករដើមកំណើតព័រទុយហ្គាល់ខាងលើបានធ្វើការសម្រេចចិត្តជាថ្មីម្ដងទៀតហើយ។ ដោយរូបគេបានបញ្ជាក់ថាអាចនឹងផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេស ឬបារាំងជាមួយក្រុម PSG វិញ មិនទៅលេងនៅលីគចិននោះទេ។ ដោយការសម្រេចចិត្តផ្លាស់ប្ដូរគោលដៅនេះដែរ គឺក្រោយពីមានការលើកទឹកចិត្តពីលោក Fernando Santos គ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ផ្ទាល់។

លោក Santos បានបង្ហើបថាលោកចង់ឃើញ Pepe លេងនៅលីគក្នុងតំបន់អឺរ៉ុបជាជាងលេងនៅអាស៊ី។ ការយល់ឃើញដូច្នេះ គឺបណ្ដាលមកពីលោកមើលឃើញថាសមត្ថភាពរបស់ខ្សែការពាររូបនេះនៅមាននៅឡើយ បើបានលេងនៅលីគក្នុងតំបន់អឺរ៉ុប រូបគេមានឱកាសច្រើនក្នុងការលេងនៅជម្រើសជាតិព័រទុយហ្គាល់ជាង។
ដោយសារតែហេតុផលដូច្នេះហើយ ទើបបានជាធ្វើឱ្យខ្សែការពារវ័យ៣៤ឆ្នាំខាងលើចង់ផ្លាស់ប្ដូរគោលដៅក្រោយពីចេញពី Real Madrid ទៅលេងនៅលីគនាតំបន់អឺរ៉ុបវិញ ដើម្បីបានឱកាសចូលលេងក្នុងជម្រើសជាតិព័រទុយហ្គាល់បន្ដទៀត៕
មតិយោបល់