កំពូលកុំព្យូទ័រយួរដៃឯកទេសខាងប្រតិបត្តិការហ្គេមម៉ាស៊ីន Blad Pro ថ្មីរបស់ក្រុមហ៊ុន Razer ទើបទទួលបានលិខិតបញ្ជាក់ពីស្ថាប័នកំណត់ស្តង់ដាសកល លើគុណភាពសំឡេង និងក្រាហ្វិកវីដេអូ THX លើកដំបូងបង្អស់របស់ពិភពលោក។
ក្រុមហ៊ុនបានអះអាងថា តាមរយៈលិខិតបញ្ជាក់នេះ Razer Blade Pro ស៊េរីឆ្នាំ ២០១៧ នឹងមានបិទតែមសម្គាល់មួយពីក្រុមហ៊ុន THX ដែលនោះបានសេចក្តីថា កំពូលកុំព្យូទ័រយួរដៃឯកទេសខាងហ្គេមនេះ មានគុណភាពសំឡេង និងវីដេអូក្នុងកម្រិតមួយខ្ពស់ និងដ៏ល្អឥតខ្ចោះ។
កុំព្យូទ័រយួរបំពាក់អេក្រង់ ១៧ អីុញស៊េរីថ្មីនេះ ត្រូវបានបង្កើនសមត្ថភាព Hardware កាន់តែខ្ពស់ធៀបទៅនឹងជំនាន់មុនរបស់វា។ ចំណុចដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេគឺ វាពាំនាំមកជាមួយ CPU Intel Core-i7 ជំនាន់ទី ៧ ថ្មី និង RAM ទំហំ ៣២ ជីហ្គាបៃយ៍ ដែលត្រូវបានបង្កើនល្បឿនពី ២១៣៣ មេហ្គាហឺត ទៅ ២៦៦៧ មេហ្គាហឺត។
មិនខុសពីជំនាន់មុនរបស់វា Blade Pro 2017 បំពាក់អេក្រង់ 4k គាំទ្រជាមួយបច្ចេកវិទ្យ G-Sync របស់ Nvidia អាចប្រតិបត្តិជាមួយក្រាហ្វិកកាត Nivdia GeForce 1080 និងប្រើបន្ទះ Mouse រចនាជាប់នៅខាងស្តាំក្តារចុច។
កុំព្យូទ័រយួរដៃម៉ូឌែលថ្មីនេះ នឹងដាក់លក់នៅលើទីផ្សារអាមេរិក ក្នុងខែមេសា ជាមួយតម្លៃ ៣,៩៩៩ ដុល្លារ និងក្នុងទីផ្សារចក្រភពអង់គ្លេស ជាមួយតម្លៃ ៣,៧៩៩ ផោន៕

ប្រភពព័ត៌មាន: cnet
មតិយោបល់