ក្រុមព្រះខ័នរាជ្យស្វាយរៀង បានបន្តដណ្តើមបានបីពិន្ទុ នៅក្នុងសប្តាហ៍ទី៧នេះ ក្រោយពីយកឈ្នះក្រុមស៊ីម៉ាក់ ក្នុងលទ្ធផល ៧-០ កាលពីល្ងាចម្សិលមិញនេះ ក្រោមក្រសែភ្នែកអ្នកទស្សនាជាច្រើននាក់។
អ្នកគាំទ្រ ក្រុមព្រះខ័នរាជ្យស្វាយរៀង បានបង្ហាញនូវសម្លេងហ៊ោរកញ្ជ្រៀងយ៉ាងកងរំពង បន្ទាប់ពីក្រុម ដែលមានមូលដ្ឋាន នៅខេត្តស្វាយរៀងមួយនេះ បានយកឈ្នះ យ៉ាងចាស់ដៃលើក្រុមស៊ីម៉ាក កាលពីល្ងាចមិញនេះ។ ជ័យជំនះយ៉ាងត្រចះត្រចង់នេះ គឺជាការបង្ហាញនូវក្តីសង្ឃឹមមួយ សម្រាប់ក្រុមស្វាយរៀង ក្នុងការប្រជែងយកតំណែង កំពូលតារាង និងក្តីស្រម៉ៃគ្រប់គ្រងជើងឯកលីគកំពូលរបស់កម្ពុជា នៅក្នុងរដូវកាលនេះ។
ជាការពិណាស់ ការឈរលើកំពូលតារាងជាបណ្តោះអាសន្ននាពេលនេះ ក្រុមស្វាយរៀង ឆ្លងកាត់ការប្រកួតចំនួន៧ លើកកន្លងមកនេះ មិនទាន់ស្គាល់ការបរជ័យម្តងណាឡើយ ដោយឈ្នះ ៦ប្រកួត និងស្មើ១ប្រកួត មាន១៩ ពិន្ទុតាមពីក្រោយដោយក្រុម ក្រសួងការពារ មាន១៤ពិន្ទុ តែនៅសល់មួយប្រកួតក្នុងដៃនាល្ងាចនេះ។ បើទោះបីជា ក្រុមព្រះខ័នរាជ្យកំពុងឈរកំពូលតារាងបណ្តោះអាសន្នមែន តែស្វាយរៀងត្រូវបន្តលេងឲ្យបានល្អជាបន្តទៀត ព្រោះថា ក្រុមស្វាយរៀងត្រូវប្រឈមនឹងការប្រកួតជាច្រើនទៀត ក្នុងយុទ្ធនាការមិតហ្វូនខេមបូឌាលីគនេះ។ អ្វីដែលសំខាន់ ស្វាយរៀង ត្រូវប្រជែងជាមួយនឹងក្រុមខ្លាំងជាច្រើនដូចជា ក្រសួងការពារជាតិ ភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ ដែលសុទ្ធសឹងជាគូប្រជែងយ៉ាងសំខាន់របស់ស្វាយរៀង។
យុទ្ធនាការបន្តក្នុងសប្តាហ៍ទី៨ នាថ្ងៃទី ២៣ ខែមេសាខាងមុខនេះ ក្រុមស្វាយរៀង នឹងត្រូវធ្វើដំណើរទៅប្រកួត ក្នុងផ្ទះរបស់ក្រុមជើងខ្លាំងក្រសួងការពារជាតិ ដើម្បីបន្តតំណែងកំពូលតារាងជាបន្តទៀត។ ការប្រកួតរវាងក្រុម ស្វាយរៀង និងក្រុមក្រសួងការពារជាតិ នឹងក្លាយជាការប្រកួតដ៍អស្ចារ្យ ពីសំណាក់អ្នកទស្សនា ក៍ដូចជាអ្នកគាំទ្រក្រុមទាំងពីរផងដែរ៕


មតិយោបល់