ព័ត៌មានកីឡា

Manny Pacquiao ៖ ខ្ញុំអាចចាញ់ Vargas ប្រសិនបើខ្ញុំវ៉ៃមើលងាយគាត់

អ្នកប្រដាល់ជើងខ្លាំងអាស៊ី Manny Pacquiao នឹងត្រូវប្រកួតជាមួយជើងខ្លាំងវ័យក្មេងអាមេរិក Jessie Vargas នៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខនេះ នៅទឹកដីអាមេរិក។

មុនការប្រកួតចាប់ផ្ដើមនៅដើមខែក្រោយ Pacquiao បានហ្វឹកហាត់យ៉ាងសកម្មដើម្បីពង្រឹងកម្លាំងរបស់ខ្លួនឱ្យរួចរាល់ ខណៈដែលប៉ះ Vargas លើកនេះ លោកមិនអាចនិយាយថាងាយឬពិបាកនោះទេ។ ការលើកឡើងដូច្នេះ គឺបន្ទាប់ពី Pacman ដឹងច្បាស់ពីសមត្ថភាពរបស់កីឡាករអាមេរិក ដែលប្រកួតបាន២៨ដង ចាញ់តែម្ដងរូបនេះ។

03-20150418-rem_2132-e1477247321661

អ្នកប្រដាល់ហ្វីលីពីន បានបន្ថែមថាលោកមិនអាចមើលងាយដៃគូបានទេ ហើយប្រសិនបើហ៊ានតែប្រហែសបន្ដិចក្នុងការប្រកួតនេះ លោកនឹងអាចសន្លប់ឬចាញ់ដោយពិន្ទុជាក់ជាមិនខាន ព្រោះ Vargas ដៃធ្ងន់ និងវាយចេញចំគោលដៅល្អណាស់។ យ៉ាងណាមិញអ្នកប្រដាល់អាស៊ីវ័យ៣៧ឆ្នាំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ។

Manny Pacquiao ឈានជើងចូលវិស័យប្រដាល់អស់រយៈពេល ២១ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ១៩៩៥មក។ កីឡាករកម្ពស់ ១.៦៩ម៉ែត្ររូបនេះ បានឡើងវ៉ៃចំនួន ៦៦ដង ក្នុងនោះធ្លាប់ឈ្នះ៥៨ដង ចាញ់៦ដង និងស្មើ២ដង។ ចំណែកឯកីឡាករ Jessie Vargas ជនជាតិអាមេរិក វ័យ២៧ឆ្នាំ កម្ពស់ ១.៧៨ម៉ែត្រ ឡើងវាយបាន២៨ដង ក្នុងនោះធ្លាប់ឈ្នះ២៧ដង ចាញ់១ដង មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន១០ដង កំពុងតែគ្រងខ្សែក្រវាត់ WBO ក្នុងដៃ៕

មតិយោបល់