គ្រូបង្វឹកថ្មី Edgardo Bauza របស់ក្រុមអាហ្សងទីន នឹងធ្វើដំណើរទៅជួបកីឡាករ Lionel Messi ផ្ទាល់នៅទីក្រុង Barcelona នាសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាគ្នារឿងត្រលប់ចូលក្រុមជម្រើសជាតិវិញ។
Messi បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីមិនអាចជួយក្រុមជម្រើសជាតិឈ្នះពាន Copa America បានពីប៉ុន្មានខែមុននេះ។ ហើយបន្ទាប់ពីរូបគេប្រកាសដូច្នេះទៅ មានមតិជាច្រើនមិនយល់ស្របនោះទេ ហើយក៏ចង់ឃើញខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ ត្រលប់មកចូលជម្រើសជាតិវិញដែរ។

បន្ទាប់ពីលោក Bauza ត្រូវសហព័ន្ធបាល់ទាត់អាហ្សង់ទីន តែងតាំងជំនួសតំណែងលោក Gerardo Martino ធ្វើជាគ្រូបង្វឹកមក គ្រូបង្វឹកថ្មីរូបនេះបានបញ្ជាក់ថានឹងទាក់ទាញចិត្ត Messi ឱ្យចូលលេងជម្រើសជាតិវិញឱ្យបាន។
លោក Bauza បាននិយាយថា៖ “យើងអត់បានទាក់ទង Messi ឬគ្រួសារគេទេ តែខ្ញុំនឹងធ្វើដំណើរទៅជួបគេតែម្ដងនៅទីក្រុង Barcelona ។ ខ្ញុំនឹងពន្យល់គាត់ពីរបៀបដឹកនាំរបស់ខ្ញុំ ហើយមិនមែនតែគាត់ទេ គ្រប់កីឡាករទាំងអស់ ខ្ញុំនឹងពន្យល់ផ្ទាល់តែម្ដង”។
Messi បង្ហាញខ្លួនឱ្យជម្រើសជាតិអាហ្សង់ទីនបាន១១៣ប្រកួតមកហើយ ដោយរកបាន៥៥គ្រាប់។ ប្រធានក្រុមរូបនេះធ្លាប់ជួយអាហ្សង់ទីនបានមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិកនាឆ្នាំ២០០៨ ប៉ុន្តែចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ Copa America ៣ដង និង World Cup ១ដង៕





មតិយោបល់