ព័ត៌មានកីឡា

សោកស្តាយណាស់ដែល Totti នឹងបញ្ចប់អាជីពរបស់ខ្លួននៅចប់រដូវកាលនេះ

ខ្សែប្រយុទ្ធវ័យចំណាស់របស់ក្រុម ចចក Roma វ័យ៤០ឆ្នាំ Francesco Totti បានសម្រេចចិត្តចូលនិវត្តន៍ ពីអាជីពបាល់ទាត់ នៅចប់រដូវកាលនេះ។

កីឡាករដែលបានចូលរួមចំណែកជួយក្រុមជម្រើសជាតិអ៊ីតាលី ឲ្យឈ្នះពាន World Cup នៅឆ្នាំ២០០៦ Francesco Totti បានដល់ពេលវេលាដែលគាត់ត្រូវចាកចេញពីពិភពបាល់ទាត់ហើយ។ Totti គឺជាកីឡាករដ៏ល្បីល្បាញមួយរូប នៅក្នុងពិភពបាល់ទាត់ ដោយកីឡាកររូបនេះ បានសាងស្នាដៃជាច្រើនឲ្យក្រុមជម្រើសជាតិ និង Roma។

Totti បានចំណាយពេលវេលានៅជាមួយក្រុម Roma អស់រយ:ពេល ២៤ឆ្នាំមកហើយ ដោយធ្លាប់បង្ហាញខ្លួន គ្រប់កម្មវិធីឲ្យ Roma បានចំនួន ៧៨៣ប្រកួត ស៊ុតបញ្ចូលទីបាន ៣០៧គ្រាប់។ Francesco Totti នឹងត្រូវបង្ហាញវត្តមានចុងក្រោយឲ្យក្រុម Roma នៅក្នុងការប្រកួតជាមួយក្រុម Geona នៅថ្ងៃទី ២៨ឧសភាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា Totti ធ្លាប់បានឈ្នះ World Cup នៅឆ្នាំ ២០០៦ ជាមួយក្រុមជម្រើសជាតិអ៊ីតាលី និងនៅ Roma ធ្លាប់ឈ្នះពាន Serie A ១ដង និង Coppa Italias ចំនួន២។ សម្រាប់អ្នកគាំទ្រ Roma វិញបានចាត់ទុក Totti គឺជាវិរ:បុរសរបស់ក្រុម Roma៕

មតិយោបល់