ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាសប្តាហ៍ទី១០ ដោយក្រុមក្រសួងការពារជាតិ បានវាយបកយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៣ ទល់ ២ នៅក្នុងផ្ទះរបស់ខ្លួន នាកីឡដ្ឋានស្តារចាស់ កាលពីល្ងាចថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ កន្លងទៅ នៅក្រោយចប់ការប្រកួតលោក ទេព ឡុងរចនា បានប្រាប់ពីចំនុចខ្សោយរបស់គូប្រកួតថាដោយសារតែកីឡាករភ្នំពេញក្រោនទាបៗ។
បើតាមការផ្ដល់ជាមតិជាមួយអ្នកសារព័ត៌មានលោក ទេព ឡុងរចនា បានប្រាប់ថា៖ « យើងព្យាយាមលេងតែបាល់វែង ដោយសារយើងមើលឃើញចំនុចខ្សោយរបស់ក្រុមមួយដែលគាត់មានកីឡាករដែលទាបៗច្រើន បើយើងលេងតែបាល់ខាងក្រោមគ្មានប្រសិទ្ធភាពទេ អញ្ចឹងចាំបាច់យើងត្រូវលេងបាល់លើឲ្យបានច្រើន ហើយយើងរៀបចំឲ្យមានបាល់ពិន័យ»។
លោកបានបន្តថា កីឡាករដែលលេចធ្លោនៅក្នុងការប្រកួតនេះ គឺប្រធានក្រុមរបស់ខ្ញុំ រ៉ឹង ប៊ុនហៀង គាត់ជាកីឡាករមួយដែលខ្លាំង ហើយមានឆន្ទៈក្នុងការលេង។
ក្នុងជ័យជម្នះនេះធ្វើឲ្យ ក្រសួងការពារជាតិ រក្សាចំណាត់ថ្នាក់លេខ ២ ដដែលនៃតារាងចំណាត់ថ្នាក់សរុប ក្រោយប្រកួត ១០ ដង ឈ្នះ៦ ស្មើ ៣ និងចាញ់១ មាន២១ ពិន្ទុក្នុងដៃ ខណៈដែល ភ្នំពេញក្រោន បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ ៥ ប្រកួតបាន១០ ដង ឈ្នះ៥ ដង ស្មើរ ២ ដង និងចាញ់ ៣ ដង ដោយកំពុងមាន ១៧ ពិន្ទុក្នុងដៃផងដែរ ៕
មតិយោបល់