តំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុន Kerry Worldbridge Logistics បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃនេះហើយ។
តំបន់សេដ្ឋកិច្ចពិសេសនេះ ជាការបណ្តាក់ទុនរួមគ្នាជាង ១០០លានដុល្លារអាមេរិក រវាងក្រុមហ៊ុនហុងកុង Kerry Logistic Network និងក្រុមហ៊ុនក្នុងស្រុក Worldbridge International ដែលបានបើកការដ្ឋានសាងសង់តាំងពីខែ កក្កដា ឆ្នាំ ២០១៥កន្លងទៅ។
គម្រោងនេះ នឹងបង្កើតសក្តានុពលនៃ ទីផ្សារពលកម្មជូនពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ ដែលជាកត្តាសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច ហើយក្រុមហ៊ុនក៏រំពឹងដែរថា នឹងអាចទាក់ទាញវិនិយោគផ្ទាល់ពីបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយអាចមានលំហូរសាច់ប្រាក់វិនិយោគមិនតិចជាង ៣០០លានដុល្លារអាមេរិកឡើយ។
ក្រុមហ៊ុន Kerry Worldbridge ក៏មានគោលដៅពង្រីកសមត្ថភាពរបស់ខ្លួន បង្កើតឲ្យទៅជា តំបន់ភណ្ឌាគារគយមានដែនកំណត់ដ៏ធំមួយ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលស្ថិតលើផ្ទៃដីជាង ៦៣ហិកតា នៅជាប់ផ្លូវជាតិលេខ ២ មានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រពី រាជធានីភ្នំពេញ។
គួរជម្រាបដែរថា គិតមកទល់ពេលបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានចំនួន ៤៥ ក្នុងនោះ ចំនួន ១២ កំពុងដំណើរការជាមួយដៃគូជាង ២៦០នាក់ និងផ្តល់ការងារជាង ៨ម៉ឺនកន្លែង។
ក្នុងឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មនៃតំបន់សេដ្ឋកិច្ចពិសេស ឈានដល់ ២.៨ពាន់លានដុល្លារអាមេរិក ពោលគឺ នាំចូល ១.៤ពាន់លានដុល្លារអាមេរិក និងនាំចេញ ១.៤ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១.២ភាគរយធៀបនឹងឆ្នាំ ២០១៥៕
មតិយោបល់