Amir Khan អ្នកប្រដាល់ជើងខ្លាំងអង់គ្លេស បានបង្ហើបថាខ្លួនធ្លាប់បាក់ដៃតាំងពី១៣ឆ្នាំមុន ហើយរហូតមកដល់ពេលនេះវាមិនទាន់ជាសះស្បើយ១០០%នោះ ខណៈដែលខ្លួននៅតែឡើងសង្វៀនប្រកួតរហូត។
ការនិយាយបែបនេះ គឺបន្ទាប់ពី Khan បានទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ឆ្អឹងដៃរបស់គេ បានជោគជ័យដោយប្រើរយៈពេលវះកាត់ដល់ទៅ២ម៉ោងឯណោះ។ កីឡាករមានសញ្ជាតិអ៊ីស្លាមរូបនេះ បានប្រាប់ទៅ The Sun ថារូបគេឡើងសង្វៀនទាំងឈឺដៃតិចៗនេះ អស់១៣ឆ្នាំមកហើយ ដែលជាមូលហេតុដែលធ្វើឱ្យរូបគេមិនអាចវាយចេញឱ្យអស់កម្លាំងបានឡើយ។
“ខ្ញុំវាយចេញបានតែ៣០ទៅ៤០ភាគរយប៉ុណ្ណោះ ព្រោះវាមានការឈឺចាប់។ ខ្ញុំបានលាក់រឿងនេះជាមួយអ្នករាល់គ្នា។ ខ្ញុំត្រូវធ្វើដូច្នេះ ព្រោះខ្ញុំមិនចង់ឱ្យដៃគូរបស់ខ្ញុំដឹងរឿងនេះទេ ខ្ញុំមិនចង់ឱ្យនរណាម្នាក់ដឹងចំណុចខ្សោយរបស់ខ្ញុំ”។ សម្ដីរបស់ Khan ។
អ្នកប្រដាល់វ័យ២៩ឆ្នាំខាងលើបានបញ្ជាក់ទៀតថា រូបគេដឹងថាអ្នករាល់គ្នានឹងឆ្ងល់ ហេតុអ្វីមិនទៅវះកាត់ភ្លាមៗ នៅពេលបាក់ដៃកាលពី១៣ឆ្នាំមុន។ ដោយមូលហេតុនោះគឺ Khan មិនចង់ចំណាយព្យាបាលឡើយ រូបគេចង់ក្លាយជា world champion ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន៕
មតិយោបល់