ព័ត៌មានបច្ចេកវិទ្យា

Apple លាក់ព័ត៌មាន iOS 11 ជិតល្អណាស់ ទើបតែធ្លាយ ២ ចំណុចនេះទេ!

ក្រុមហ៊ុន Apple កន្លងមកបានប្រកាសបង្កើនការបិទផ្ទប់ព័ត៌មានទាក់ទងទៅនឹងលក្ខណ:​សម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់បន្តបន្ទាប់របស់ខ្លួនទ្វេដង មុនពេលវាត្រូវបានបើកបង្ហាញ។ ម្លោះហើយ បើទោះជាព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីប្រចាំឆ្នាំហៅកាត់ថា WWDC ខិតជិតចូលមកហើយក្តី ក៏ព័ត៌មានស្តីពីលក្ខណ:សម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការទូរសព្ទ iPhone និង iPad នេះ ហាក់ស្ងាត់ល្អណាស់។ តែទោះយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ។

ថ្មីៗនេះ អ្នកប្រើប្រាស់គេហទំព័រ reddit.com (គេហទំព័រទម្លាយព័ត៌មានសម្ងាត់ដ៏ពេញនិយម) ប្រើ​គណនីឈ្មោះ cyanhat បានទម្លាយមុខងារគួរឱ្យចាប់អារម្មណ៍ថ្មីចំនួន​ពីរ ដែលនឹងភ្ជាប់មកជាមួយកម្មវិធី Apple Pay និង FaceTime លើ iOS v11។

ម្ចាស់គណនី cyanhat ថា Apple Pay ជំនាន់ថ្មី នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទាត់ការចំណាយលើមុខទំនិញ និងសេវាកម្មផ្សេងៗពីមនុស្សម្នាក់ទៅម្នាក់បាន ដែលវាមិនត្រឹមតែធ្វើឱ្យ iPhone ក្លាយទៅជាកាបូបលុយឌីជីថលប៉ុណ្ណោះទេ តែក៏វានឹងក្លាយជាកម្មវិធីដ៏មានសក្តានុពលមួយសម្រាប់ក្រុមហ៊ុន Apple ធ្វើការប្រកួតប្រជែងជាមួយកម្មវិធីទូទាត់សាច់ប្រាក់តាមទូរសព្ទចល័តល្បីៗដូចជា Venmo និង Square Cash។

បច្ចុប្បន្ន សេវាកម្មវេរ ឬទូទាត់លុយតាមឧបករណ៍ចល័តកំពុងមានការរីកដុះដាលយ៉ាងខ្លាំង ហើយក្រុមហ៊ុនយក្សអាមេរិកត្រូវគេរាយការណ៍ថា ចង់ដាក់ដំណើរការសេវាកម្មនេះ តាំងពីក្នុង iOS 10 មកម្លេះ។

cyanhat បាននិយាយផងដែរថា iOS 11 នឹងពាំនាំមុខងារ FaceTime Audio ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone ប្រើវាសម្រាប់ការហៅទូរសព្ទចេញបាន ជាមួយគុណភាពសំឡេងខ្ពស់ជាងការហៅទូរសព្ទតាមប្រព័ន្ធ Cellular ធម្មតា។ ព័ត៌មានចចាមអារ៉ាមកន្លងមកផងដែរ បាននិយាយថា កម្មវិធី FaceTime នេះ ក៏នឹងគាំទ្រការឆ្លើយឆ្លងសារជាវីដេអូជាក្រុមមានគ្នាក្រោម ៥ នាក់ ផងដែរ។

ដោយឡែក យោងតាមព័ត៌មានចចាមអារ៉ាមមួយផ្សេងទៀត បានអះអាងថា ប្រព័ន្ធ iOS ដែលត្រៀមប្រកាសចេញក្នុងខែមិថុនា នេះ នឹងភ្ជាប់មុខងារសន្សំសំចៃថាមពលថ្មដ៏ឆ្លាតវៃ និងកាន់តែមានប្រសិទ្ធភាព ដោយវាអាចបិទផ្តាច់ការប្រើប្រាស់មុខងារដែលស៊ីថាមពលថ្មច្រើន ពេលអ្នកប្រើ iPhone ចេញពីផ្ទះ ឬ កន្លែងមានកន្លែងសាកថ្ម៕

ប្រភពព័ត៌មាន: bgr

មតិយោបល់