ព័ត៌មានបច្ចេកវិទ្យា

OPPO ដាក់សម្ពោធស្មាតហ្វូន F3 និង F3 Plus អ្នកឯកទេស Selfie កាមេរ៉ាមុខភ្លោះមិនធ្លាប់មាន

ភ្នំពេញ៖ នៅថ្ងៃទៅ ១៧ ខែ ឧសភា ឆ្នាំ ២០១៧  ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា បានធ្វើការសម្ពោធនូវផលិតផលស្មាតហ្វូនចំនួន ២ ម៉ូឌែលគឺ OPPO F3 និង OPPO F3 Plus នៅឯសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតារាតំណាងផលិតផល OPPO គឺអ្នកនាង ពេជ្រ សោភា និងតារាចម្រៀងជាច្រើនរូបផ្សេងទៀតរបស់ផលិតកម្មរស្មីហង្សមាស។ ក្នុងឳកាសនោះដែរ ក្រុមហ៊ុន OPPO ក៏បានប្រកាសចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនបណ្តាញសេវាទូរស័ព្ទចល័តធំមួយនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន OPPO បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទទាំង ២ ម៉ូឌែលដែលខ្លួនដាក់សម្ពោធនេះ គឺជាម៉ូឌែលចុងក្រោយ ដែលមានការវិវឌ្ឍន៍មួយកម្រិតទៅលើសមត្ថភាពថតរូប Selfie ហើយវានឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់ អស់ក្តីបារម្ភចំពោះការថតរូប Selfie បានផ្ទៃរូបភាពតូច ឬការថតរូបជាក្រុមមិនជាប់មនុស្សទាំងអស់គ្នាទៀតហើយ។ នេះអាចនឹងធ្វើឲ្យក្រុមហ៊ុនទូរស័ព្ទមួយនេះ មានភាពឈានមុខគេក្នុងការច្នៃបង្កើតកាមេរ៉ា Selfie ថ្មីមិនធ្លាប់មាននៅលើទូរសព្ទម៉ាកដទៃ។

OPPO គឺជាម៉ាកសញ្ញាស្មាតហ្វូនដ៏ពេញនិយមនៅជុំវិញពិភពលោកសម្រាប់មិត្តយុវវ័យបច្ចុប្បន្ន។ អស់រយ:ពេល ១០ ឆ្នាំមកនេះ ក្រុមហ៊ុន OPPO បានបន្តយកចិត្តទុកដាក់ក្នុងការផលិតកាមេរ៉ាស្មាតហ្វូន ហើយព្រមទាំងធ្វើការវិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាថតរូបទៀតផង។ នៅក្នុងឆ្នាំ ២០១៥ និង ២០១៦ ក្រុមហ៊ុនទទួលបានចំណាត់ថ្នាក់លេខ ៤ នៅលើទីផ្សារស្មាតហ្វូន ទូទាំងពិភពលោក ២ ឆ្នាំជាប់គ្នា ចំណែកឯនៅតំបន់អាស៊ីអាគ្នេយ៍វិញ ទីផ្សាររបស់ OPPO ឈរលើលំដាប់ថ្នាក់លេខ ២។ គួររំលឹកផងដែរ កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុនបានដាក់ចេញនូវផលិតផលស៊េរី F (F Series) មានដូចជា F1/F1 Plus និង F1s ហើយម៉ូឌែលទាំងនោះ ទទួលបានការពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ OPPO សង្ឃឹមថា ម៉ូឌែលថ្មីដែលទើបបង្ហាញខ្លួនទាំង ២ នេះ នឹងទទួលបានការចាប់អារម្មណ៍មិនចាញ់ម៉ូឌែលមុនៗឡើយ។

លក្ខណ:ពិសេសនៃទូរស័ព្ទដៃទាំង ២ គឺសុទ្ធសឹងតែដូចគ្នា ដោយសារស្មាតហ្វូន F3 និង​ F3 Plus ត្រូវបានស្រោបឡើងពីលោហ:ធាតុ និងមានកាមេរ៉ាខាងមុខចំនួន ២ គ្រាប់ ឬហៅថាកាមេរ៉ាភ្លោះ ដែលមួយគ្រាប់ជាប្រភេទកាមេរ៉ា High Resolution មានទំហំ 16 MB និងមួយគ្រាប់ទៀតទំហំ 8 MB ជាប្រភេទ​ Wide Angle Camera អាចថតរូបបានផ្ទៃខាងក្រោយធំជាងកាមេរ៉ា Selfie ធម្មតារហូតដល់ទៅ ២ ដង រួមជាមួយ 6P Lens ដែលអាចផ្តល់ជូនការថតរូប Selfie កានតែច្បាស់ និងអាចចាប់បានផ្ទៃខាងក្រោយកាន់ធំ។​ វាប្រើប្រាស់នូវកញ្ចក់ប្រភេទ Corning Gorilla Glass 5 មានខ្នាតបញ្ចាំងរូបភាព FHD យ៉ាងរឹងមាំ ធ្វើឲ្យទូរស័ព្ទមានរាងកាន់តែស្តើង។ ចំពោះប៊ូតុងស្កេនក្រយៅដៃ Home របស់ពួកវារចនាឡើងជាលក្ខណ: Solid-State Touch Mode មានន័យថាគ្រាន់តែប៉ះថើរៗ នឹងធ្វើការដោះសោរបានភ្លាមៗ និងពុំចាំបាច់ចុចសង្កត់ឡើយ។​ ជាងនេះទៅទៀត F3 និង F3 Plus ប្រើប្រាស់នូវ RAM ទំហំ 4 GB រួមមានអង្គផ្ទុកទិន្នន័យទំហំ 64 GB ដំណើរការដោយប្រព័ន្ធ Android 6.0 Masmallow ស្រោបដោយ ColorOS3.0។

ចំពោះចំណុចខុសគ្នារវាងទូរស័ព្ទដៃទាំង ២ នោះគឺ F3 មានអេក្រង់ទំហំ 5.5 អ៊ីញ FHD ប្រភេទ IPS (ដង់ស៊ីតេ 402ppi) កាមេរ៉ាក្រោយទំហំ 13 MP កម្រិត Aperture F2.2 មានភ្លើង Flash មួយគ្រាប់អាចថតវីដេអូកម្រិត FHD ជាមួយ CPU ប្រភេទ Mediatek MT6750T Octa-core ល្បឿន 1.5 GHz និងមានកម្លាំងថ្ម 3200mAh។ ចំណែកឯ F3 Plus វិញមានអេក្រង់ទំហំ 6 អ៊ីញ ខ្នាត FHD ប្រភេទ IPS (ដង់ស៊ីតេ 367ppi) កាមេរ៉ាក្រោយទំហំ 16 MP កម្រិត Aperture F1.7 ភ្ជាប់ជាមួយនឹងអង្គញ្ញាណប្រភេទ IMX398 ដែលជា Sensor បង្កើតឡើងដោយក្រុមហ៊ុន Sony សហការជាមួយក្រុមហ៊ុន OPPO) មានភ្លើង Flash ចំនួន ២ គ្រាប់ អាចថតវីដេអូកម្រិត 4K ជាមួយអង្គប្រតិបត្តិ Snapdragon 653 Octa-core ល្បឿន 1.95GHz និងកម្លាំងថ្ម 4000 mAh អមដោយបច្ចេកវិទ្យាសាកថ្មរហ័ស VOOC របស់ OPPO។

ក្រុមហ៊ុន OPPO បានឲ្យដឹងថា ម៉ូឌែល F3 និង F3 Plus នឹងអាចធ្វើការកុម៉្មង់ទិញទុកជាមុនបាន ចាប់ពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ នេះហើយ។ សម្រាប់កាដូ Pre-order មូឌែល F3 នឹងទទួលបានកាសមួយ និងដុំសាកថ្ម Power Bank (10,000 mAh) មួយ។ រីឯកាដូ F3 Plus វិញមាន កាសឥតខ្សែ និងដងថតរូប Selfie មួយ។

គួរបញ្ជាក់ថា ទូរស័ព្ទដៃ F3 មានតម្លៃ ៣១៩ ដុល្លារ និង F3 Plus មានតម្លៃ 489 ដុល្លារ។ សម្រាប់សម្លៃ និងលក្ខណ:ពិសេសប៉ុណ្នឹង យើងអាចចាត់ទុកថា ពួកវាគឺជាទូរស័ព្ទដៃកម្រិតមធ្យម ប៉ុន្តែមានលក្ខណ:ពិសេសគ្រប់គ្រាន់ដែលយើងគ្រប់គ្នាចង់បាន៕

មតិយោបល់