ព័ត៌មានកីឡា

Everton កំពុងតែត្រៀមបន្ថែមសមាជិកថ្មីមួយរូបទៀត

បន្ទាប់ពីរដូវកាលដោះដូរកីឡាករជិតមកដល់ ក្រុម Everton បានសម្លឹងឃើញ កីឡាលរវ័យក្មេងមួយរូបរបស់ក្រុម Malaga ដើម្បីមកពង្រឹងក្លិបនៅរដូវកាលក្រោយនេះ។

ថ្មីៗនេះ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា ក្រុម Everton ដែលកំពុងប្រកបអាជីព នៅលីគកំពូលអង់គ្លេស បានសម្លឹងឃើញកីឡាករអេស្ប៉ាញវ័យ ២១ឆ្នាំរបស់ក្រុម Malaga ។ ជាការពិតណាស់ Sandro Ramirez កំពុងតែបង្ហាញវត្តមានយ៉ាងល្អ ជាមួយនឹងក្រុមយុវជនរបស់អេស្ប៉ាញអាយុក្រោម ២១ ឆ្នាំ ក្នុងព្រឹត្តិការណ៍ Euro U-21 នៅប្រទេសប៉ូឡូញ។ បើតាម Mirror ដដែលបានឲ្យដឹងថា Everton បានត្រៀមទឹកប្រាក់ប្រមាណជា ៥,២ លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះពីក្រុម Malaga។

Sandro Ramirez នឹងត្រូវមកជំនួសតំណែងរបស់កីឡាករ Romelu Lukaku ដែលកំពុងតែត្រៀមចាកចេញ ទៅកាន់ក្លិបតោខៀវ Chelsea នាពេលដ៍ខ្លីខាងមុខនេះ។ ដូច្នេះហើយ Everton ប្រាកដជាទទួលបានខ្សែប្រយុទ្ធវ័យក្មេង ពោរពេញទៅដោយសមត្ថភាពរូបនេះ នៅរដូវក្តៅខាងមុខនេះ ក្នុងតម្លៃមួយល្មមដែលក្លិបអាចទទួលយកបាន៕

មតិយោបល់