ព័ត៌មានកីឡា

Zidane ​ថា BBC ​នៅ​តែ​ជា​ដៃ​គូ​ប្រយុទ្ធ​ល្អ​បំផុត​របស់ Real Madrid

Zinedine Zidane ​អ្នក​ចាត់ការ​ក្រុម​ Real Madrid ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ការ​ដាក់​ឱ្យ​ Gareth Bale, Karim Benzema ​និង Cristiano Ronaldo ​បាន​លេង​ជាមួយ​គ្នា គឺ​ជា​ទម្រង់​ប្រយុទ្ធ​ល្អ​បំផុត​របស់​ក្រុម​ខ្លួន​នៅ​រដូវកាល​នេះ។

BBC ​ទើប​តែ​បាន​ចូល​លេង​ពេញ​ជើង​ជាមួយ​គ្នា​កាល​ប៉ះ​ជាមួយ Napoli ​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​កន្លង​ទៅ ​ប៉ុន្តែ​ពួកគេ​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ​ដោយ​ទម្រង់​លេង​ត្រូវ​បាន​អ្នក​គាំទ្រ​គិត​ថា​មិន​ទាន់​ស៊ី​ចង្វាក់​គ្នា​នៅ​ឡើយ។ យ៉ាងណាមិញ ​ឆ្លើយ​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ដែរ Zidane ​គិត​ថា​ការ​ប្រកួត​នោះ​គឺ Real ​មាន​ទម្រង់​ប្រយុទ្ធ​ល្អ​ណាស់ ហើយ​ក៏​ជឿ​ជាក់​ថា BBC ​លេង​ជាមួយ​គ្នា ​ប្រាកដ​ជា​ល្អ​បំផុត​សម្រាប់​ក្រុម។

“Bale, Benzema និង​ Ronaldo ​អាច​មាន​ម្នាក់​ទៅ​លេង​នៅ​តំបន់​បម្រើ​បាន ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ដាក់​ឱ្យ​ពួកគេ​ទាំង​៣​នាក់​លេង​នៅ​តំបន់​ប្រយុទ្ធ​វិញ។ ជា​ការ​ពិត​ដែល Bale ​អាច​លេង​នៅ​តំបន់​បម្រើ​បាន ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​គាត់​លេង​ប្រយុទ្ធ ​គាត់​លេង​នៅ​ប្រយុទ្ធ​ស្លាប​ឆ្វេង ​ហើយ Ronaldo ​ទៅ​ខាង​ស្ដាំ Benzema ​នៅ​កណ្ដាល។ នេះ​ជា​អ្វី​ដែល​យើង​ធ្វើ​កន្លង​មក”។ សម្ដី Zidane ។

នៅ​យប់​ស្អែក​នេះ ​ក្រុម Real Madrid ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Real Betis ​ក្នុង​ពាន​រង្វាន់ La Liga ​វិញ​ម្ដង ​ដោយ​ការ​ប្រកួត​នេះ​នឹង​លេង​ដោយ​មិន​មាន​វត្តមាន​របស់ Bale ​នោះ​ទេ ព្រោះ​រូបគេ​ទទួល​បាន​កាត​ក្រហម​កាល​ពី​ប្រកួត​កន្លង​ទៅ៕

 

 

មតិយោបល់