កីឡាករ សៀង ចន្ធា ដែលបានទៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U-15 Championship 2017 បានលើកឡើងថា ក្រុមដែលគ្រោះថ្នាក់ជាងគេនៅពូល B គឺ U-15 វៀតណាម។
កីឡាករខ្សែប្រយុទ្ធរបស់ក្រុម យុវជនសាលាបាល់ទាត់ជាតិបាទី បានប្រាប់មុនចេញដំណើរទៅប្រទេសថៃថា៖ « បើតាមខ្ញុំតាមដានមើលក្រុមដែលគ្រោះថ្នាក់បំផុតនៅក្នុងពូល B ជាមួយក្រុម U-15 កម្ពុជា គឺក្រុម U-15 វៀតណាម ព្រោះខ្ញុំបានមើលក្រុមនេះលេងជាមួយ ឥណ្ឌូនេស៊ី ឃើញថាទម្រង់លេងល្អ ការបញ្ជូនបាល់ក៏បានល្អ»។ ហើយខ្សែប្រយុទ្ធរូបនេះបន្ថែមថា ចំពោះកីឡាករដែលលេងយល់ចិត្តគ្នាជាមួយខ្ញុំនៅក្នុង U-15 កម្ពុជា មានតែ អាត អូនតូច ម្នាក់ប៉ុណ្ណោះធ្លាប់ចាប់ដៃគូ កាលពីប្រកួតក្នុងពានរង្វាន់ AFF U-16 Championship ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ។
សូមបញ្ជាក់ថា សៀង ចន្ធា គឺជាកីឡាករតែម្នាក់គត់លេងនៅ U-17 កម្ពុជា ដែលត្រូវបានលោក Lee Tae Hoon បានកោះហៅមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U-15 Championship 2017 នេះ៕
មតិយោបល់