ព័ត៌មានកីឡា

Rooney៖ Everton មិនមែនជាកន្លែងសម្រាប់បញ្ចប់អាជីពរបស់ខ្ញុំឡើយ

បន្ទាប់ពីបានផ្លាស់មកកាន់ក្លិបចាស់ Everton វិញ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ Wayne Rooney បាននិយាយថា នៅទីនេះ មិនមែនជាកន្លែងសម្រាប់បញ្ចប់អាជីពរបស់គេឡើយ។

Wayne Rooney បានវិលត្រឡប់ទៅកាន់ក្លិបចាស់ ដែលនាំឲ្យរូបគេល្បីល្បាញ វិញហើយ ក្រោយពីចាកចេញពីក្រុមបីសាចក្រហម Manchester United ។ តាមរយ:ពត៏មាន ដែលទទួលបានថ្មីៗ នេះឲ្យដឹងថា Wayne Rooney នឹងពាក់អាវលេខ ១០ សម្រាប់ការលេងឲ្យ Everton នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្អដ៍ឆ្នើមរបស់អង់គ្លេស រូបនេះកំពុងតែមានមហិច្ចតា ចង់កសាងនូវស្នាដៃជាថ្មីឡើងវិញក្នុងពិភពបាល់ទាត់ បើទោះបីជា មានវ័យរាងចំណាស់បន្តិចក៍ដោយ។ Rooney បានបាត់មុខក្នុងនាមជាកីឡាករឆ្នើម ក្នុងរយ:ពេលប៉ុន្មានរដូវកាលកន្លងមកនេះ ដែលធ្វើឲ្យរូបគេបាត់បង់នូវតំណែងក្នុងជម្រើស ១១នាក់ដំបូង​ ។

ម្យ៉ាងវិញទៀតនៅ Man Utd ពោរពេញទៅដោយកីឡាករវ័យក្មេង ដែលមានសមត្ថភាពច្រើន។ ហេតុនេះហើយ ការវិលត្រឡប់មកកាន់ក្រុម Everton លើកនេះ ខ្សែប្រយុទ្ធឆ្នើម Wayne Rooney បានបង្ហាញនូវមហិច្ចតារបស់គេថា រូបគេនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ក្នុងការស្វែងរកភាពល្បីល្បាញឡើងវិញ ដោយមិនឲ្យអាជីពរបស់គេត្រូវបានបញ្ចប់ នៅក្រុម Everton នេះឡើយ។ ម្យ៉ាងវិញទៀត Rooney បានបដិសេធ ក្លិបនៅចិន មកកាន់ Everton នេះ ដោយសារតែ ខ្សែប្រយុទ្ធរូបនេះ នៅមានមហិច្ចតាក្នុងពិភពបាល់ទាត់នៅឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងសម្តីមួយឃ្លាដែល ត្រូវបានគេដកស្រង់មកនោះ Rooney បានបង្ហើមឲ្យដឹងថា រូបគេនឹងធ្វើឲ្យដូច Cristiano Ronaldo និង Zlatan Ibrahimovic ដែលអាយុកាន់តែចាស់ កាន់តែល្បីល្បាញ។ ដូច្នេះហើយ រង់ចាំមើលថា Wayne Rooney អាចធ្វើបានដូចអ្វី ដែលរូបគេរំពឹងទុកនោះ?

មតិយោបល់