ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទទួលផលចោរកម្ម!

ភ្នំពេញៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនសង្ស័យ២នាក់ដោយសង្ស័យពីបទទទួលផលចោរកម្ម។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ ផាត់ សុផាត ភេទប្រុស (ហៅអាជើម) អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២ឈ្មោះ សូត្រ រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកូនជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត ឃុំសែនអណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកដើមបណ្តឹងមានឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងធ្វើសារឡុង ពូក ស្នាក់នៅខណ្ឌ៧មករា។

ក្នុងប្រត្តិបត្តិការនេះដែរ ដឹកនាំដោយលោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ លោកវរសេនីយ៍ត្រី គួក សុខហួ អធិការរងខណ្ឌសែនសុខ លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងថា មុននឹងឈានដល់ការចុះឆែកឆេរឃាត់ជនសង្ស័យខាងលើនេះ គឺដោយសារមានបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូ ដែលបានបាត់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក គឺមានម៉ាកស៊ុយស៊ូគីនិចពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CA7153។ ហើយនៅវេលាម៉ោងខាងលើជនរងគ្រោះបានឃើញក្រុមជនសង្ស័យជិះម៉ូតូខាងលើតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក៏ជិះតាមពីក្រោយរហូតមកដល់ទីតាំងកន្លែងជួសជុលម៉ូតូខាងលើ ទើបជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។

ប្រភពពីជនរងគ្រោះឈ្មោះ ផល បញ្ញា បានឲ្យដឹងថា រូបគេបានបាត់ម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពាក់ស្លាកលេខភ្នំពេញ1CA7153 នៅសង្កាត់ទឹកថ្លា ហើយខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រួចរាល់ហើយដែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២១០៧ ខ្លួនបានឃើញក្រុមជនសង្ស័យជិះម៉ូតូ១គ្រឿងដែលមានភិនភាគដូចម៉ូតូដែលខ្លួនបានបាត់ ក៏ជិះដេញតាមទើបស្គាល់ស្លាកលេខច្បាស់ថាពិតជាស្លាកលេខម៉ូតូខ្លួនដែលបានបាត់ពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងម៉ូតូ២គ្រឿងទៀតយកទៅធ្វើការសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់