ប្រដាល់ៈ កីឡាករប្រដាល់ថ្នាលរបស់កម្ពុជា នឹងផ្តោតសំខាន់លើការបង្កើនស្តង់ដារហ្វឹកហាត់ និងបញ្ជូនទៅប្រកួតកម្រិតអន្តរជាតិឲ្យកាន់តែច្រើន ដើម្បីឲ្យពួកគេទទួលបទពិសោធន៍ មកពង្រឹងខ្លួនបន្ថែមទៀត។ នេះជាការលើកឡើងរបស់ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោកនាយឧត្ដមសេនីយ៍ តែម ម៉ឺន។
ប្រមុខសហព័ន្ធចាស់វស្សារូបនេះមានប្រសាសន៍ថា « នេះ គឺជាថ្នាលសម្រាប់បន្តវេន សម្រាប់ហ្វឹកហ្វឺន មើលថែទាំឲ្យខ្លាំង ឲ្យចំគោលដៅ ចំជំនាញ ដើម្បីយកផលប្រយោជន៍ទាំងនេះ ទៅចូលរួមស៊ីហ្គេម២០២៣ នេះជាគោលដៅសំខាន់របស់យើង។ ប៉ុន្តែ ដើម្បីឈានទៅដល់ឆ្នាំប្រកួតនោះ គឹចាប់ពីឆ្នាំ២០១៦នេះ តទៅគឺកីឡាត្រូវតែមានស្តង់ដារហ្វឹកហាត់ឲ្យត្រឹមត្រូវទាំងអស់ ហើយត្រូវចូលរួមការប្រកួតជាបន្តបន្ទាប់ ដើម្បីឲ្យមានភាពរឹងមាំ ត្រឹម២០២១ ២០២២ អីហ្នឹង ២០២៣យើងចូលស៊ីហ្គេម»។
បន្ថែមលើនេះ ប្រធានសហព័ន្ធ៣អាណត្តិជាប់គ្នារូបនេះបន្តថា សហព័ន្ធនឹងស្វះស្វែងរកគ្រូពីបរទេសមកបង្ហាត់បង្ហាញបន្ថែម ព្រមទាំងប្រមូលផ្តុំអតីតគ្រូបង្វឹក និងកីឡាករជើងចាស់មួយចំនួន មកចងក្រងក្បួនច្បាប់សម្រាប់ផ្ទេរឲ្យរលកក្រោយទាំងនោះ។
គួរដឹងដែរថា សហព័ន្ធបាននឹងកំពុងសាងសង់ មជ្ឈមណ្ឌលកីឡាប្រដាល់យុវជនជំនាន់ថ្មី មួយស្ថិតនៅបរិវេណអង្គការអរុណរះក្រុងតាខ្មៅ ទំហំ៣៥ គុណនឹង ៥០ម៉ែត្រ ដើម្បីទុកជាកន្លែងអភិវឌ្ឍថ្នាលរបស់ខ្លួនត្រៀមប្រជែងមេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិផងដែរ៕
មតិយោបល់