ព័ត៌មានកីឡា

សុក សំណាង ជួយឲ្យ U-23 កម្ពុជា យកឈ្នះលើ U-23 ហ្វីលីពីន

ការ​ប្រកួត​វគ្គ​ជម្រុះ AFC U23 Championship CHINA 2018 ត្រូវបានបញ្ចាប់ក្នុងពូល J ស្របពេល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានទទួលជ័យជម្នះលើ ក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម ២៣ឆ្នាំ ដោយលទ្ធផល ១ទល់០ ដែលធ្វើបានសម្រេច កីឡាករ សុក សំណាង។​

១គ្រាប់ របស់ក្រុម U-23 កម្ពុជា នេះជាគ្រាប់បាល់ដំបូងក៏ដូចជាជ័យជម្នះដំបូងក្នុងវគ្គជម្រុះពូល J នៃពានរង្វាន់នេះ បន្ទាប់ពី ២ប្រកួត កន្លងមកបានត្រឹម ស្មើ ១ និងចាញ់ ១ ពោលគឺស្មើ U-23 ចិន ដោយលទ្ធផល ០ទល់០ កាលពីថ្ងៃទី ១៩ និងបានចាញ់ U-23 ជប៉ុន ដោយលទ្ធផល ០ទល់២ កាលពីថ្ងៃទី ២១ ខែកក្កដា នេះ ស្របពេលដែលក្រុម U-23 ហ្វីលីពីន ៣ប្រកួត ចាញ់ទាំងអស់ និងមិនមានគ្រាប់បាល់ទាត់បញ្ចូលទីគូប្រកួតសូម្បីតែ ១គ្រាប់។ ក្នុងថ្ងៃនេះដែរ U-23 ចិន បានយកឈ្នះលើ U-23 ជប៉ុន ដោយលទ្ធផល ២ទល់១ ឡើងទៅកំពូលតារាងវិញ។

សូមរំលឹកផងដែរថា ក្រោយពីបញ្ចប់វគ្គជម្រុះតាមពូលនេះ ក្រុម U-23 ចិន ឈរកំពូលតារាង ហើយ U-23 ជប៉ុន ឈរនៅលេខ ២ ស្របពេល U-23 កម្ពុជា ឈរនៅលេខ ៣ និង U-23​ ហ្វីលីពីន ស្ថិតនៅបាតតារាង ក្នុងពូល J ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី ១៩ ដល់ ២៣ ខែកក្កដា នេះ៕

មតិយោបល់