ព័ត៌មានកីឡា

ថ្វីបើ Brighton ទើបប្រមូតឡើង Premier League តែ Atletico Madrid មិនងាយស្រួលស៊ីឡើយ(វីដេអូ)

ក្រុមជើងខ្លាំង Atletico Madrid របស់លីគកំពូលអេស្ប៉ាញ មិនងាយស្រួលក្នុងការយកឈ្នះលើក្រុម ដែលទើបប្រមូតឡើង ពី Championship មកកាន់ Premier League ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Brighton & Hove Albion ឡើយ។

ជាការពិតណាស់ ក្នុងការប្រកួតមិត្តភាព ៩០នាទីពេញ រវាងក្រុម Brighton & Hove Albion ក្រុម Atletico Madrid បានត្រឹមយកឈ្នះយ៉ាងតានតឹងបំផុត ៣-២ ប៉ុណ្ណោះ។ តាមរយៈការប្រកួតនេះ ក្រុម ជើងខ្លាំងមកពីអេស្ប៉ាញ ហាក់ដូចជាលេងមិនទុកជើងឡើយ ដោយដាក់កីឡាករ ក្នុងឈុតធំលេងទាំងអស់ ទាំងអ្នកចាំទី Oblak, Griezmann, Torres, Koke និងកីឡាករជាច្រើនទៀត សុទ្ធសឹងមានវត្តមាន ក្នុងការប្រកួតនេះ។

ជាក់ស្តែងណាស់ ក្រុម Atletico Madrid បានរកគ្រាប់បាល់នាំមុខមុន តាំងពីតង់ទី១ នាទីទី ៤២ ដោយកីឡាករ Gaitan។ យ៉ាងណាវិញ ចូលដល់តង់ទី២ ក្រុមអង់គ្លេស Brighton វាយបកតាមស្មើវិញនៅនាទីទី ៦១ ដោយកីឡាករ Groos ក៍ប៉ុន្តែ ខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Atletico Madrid កីឡាករ Fernando Torres បានរកគ្រាប់បាល់ឲ្យក្រុម អេស្ប៉ាញមួយនេះ នាំមុខសារជាថ្មី នៅនាទីទី ៦៧ ។ ថ្វីបើរងសម្ពាធយ៉ាងខ្លាំងមែន តែក្រុម Brighton នៅតែអាចរកគ្រាប់បាល់តាមស្មើសារជាថ្មីម្តងទៀត នៅនាទីទី ៧៧ ដោយកីឡាករ Sidwell ដែលជាក្តីសង្ឃឹមដ៍ប្រសើរមួយសម្រាប់ក្លិបបទពិសោធន៍ក្មេងខ្ចី មួយនេះ។

យ៉ាងណាវិញ ក្តីសង្ឃឹមនេះ ត្រូវរលាយសាបសូន្យ ដោយសារតែកីឡាករ Hernandez របស់ក្រុម Atletico Madrid រកបានគ្រាប់បាល់ជ័យជម្នះ នៅនាទីទី ៨៨ កៀកនឹងចប់ទៅហើយ ជាហេតុធ្វើឲ្យក្រុម Atletico Madrid យកឈ្នះយ៉ាងវេទនា លើក្រុម Brighton & Hove Albion ៣-២ ។

ខាងក្រោមនេះជាវីដេអូ ហាយឡាយការប្រកួតរវាងក្រុម Brighton & Hove Albion និងក្រុម Atletico Madrid ៖

https://www.youtube.com/watch?v=z3Twror4D78

មតិយោបល់