ក្រុមជើងខ្លាំងអេស្ប៉ាញ ពិតជាមិនទុកមុខ ទុកមាត់ឲ្យក្រុមជម្រើសជាតិអ៊ីតាលីឡើយ ដោយបានយកឈ្នះ យ៉ាងប្រសើរ ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជម្រុះជុំទី៧ World Cup ក្នុងពូលG ដែលធ្វើឲ្យអ៊ីតាលី ចាញ់ការប្រកួតមានគ្រាប់បាល់ច្រើនបែបនេះ មិនធ្លាប់មានឡើយ សម្រាប់ការប្រកួតជម្រុះរយៈពេល ១១ឆ្នាំចុងក្រោយនេះ។
ការបើកកីឡារដ្ឋាន Santiago Bernabeu ទទួលក្រុមជើងខ្លាំងអ៊ីតាលី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ពិតជាមិនខកបំណងឡើយ ខណៈកីឡាករ ដែលលេងឲ្យក្រុម Real Madrid សុទ្ធសឹង ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតនេះ។ ជាក់ស្តែងណាស់ ៣គ្រាប់របស់ គោជល់អេស្ប៉ាញ រកបានដោយខ្សែបម្រើប្រយុទ្ធដ៍ឆ្នើម Isco ចំនួន ២គ្រាប់ ដែលរកបាននៅនាទីទី ១៣ និងនាទីទី ៤០ ចំណែកគ្រាប់ទី៣ រកបានដោយអតីតកីឡាកររបស់ Real Madrid ដែលទើបផ្លាស់ទៅក្រុមតោខៀវ Chelsea គឺ Alvaro Morata នៅនាទីទី ៧៧ ។
នេះគឺជាការស៊ុតបាល់ច្រើនគ្រាប់ជាលើកទី២ សម្រាប់អេស្ប៉ាញ មកលើអ៊ីតាលី បន្ទាប់ពីការស៊ុត ៤-០ កាលពផ្តាច់ព្រត្តី Euro ២០១២ ដែលក្រៅពីនេះ ក្រុមទាំង២ លេងភាគច្រើនស្មើគ្នា នឹងមិនរបូតគ្រាប់បាល់លើសពី១គ្រាប់ឡើយ។ ឆ្លងកាត់ការប្រកួតនេះ ក្រុមអេស្ប៉ាញ បានឡើងមកឈរកំពូលតារាង ពូលG ដោយឆ្លងកាត់ការប្រកួតចំនួន ៧ប្រកួតកន្លងមក ឈ្នះ៦ និងស្មើ១ប្រកួតមាន ១៩ ពិន្ទុ តាមពីក្រោយដោយក្រុមអាសារិ អ៊ីតាលី មាន ១៦ ពិន្ទុក្នុងដៃ។
ដូច្នេះហើយ នៅសល់ត្រឹម ៣ប្រកួតទៀតប៉ុណ្ណោះ សម្រាប់ការប្រកួតជម្រុះនេះ ស្របពេលអេស្ប៉ាញ មានភាគរយខ្ពស់ជាងគេ ប្រសិនបើឈ្នះ ២ប្រកួតទៀតនឹងឡើង ដោយស្វ័យប្រវត្តិ ទៅកាន់វគ្គចែកពូល World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ចំណែកឯក្រុម អ៊ីតាលី វិញ ត្រូវប្រឹងប្រែងបន្តទៀត ដើម្បីរកឱកាសលេង Play Off ព្រោះថា ពិន្ទុរវាងអ៊ីតាលី និង អាល់បានៀ មិនទាន់ឃ្លាតដាច់ឡើយ។
https://www.youtube.com/watch?v=-WPXb45pr9w
មតិយោបល់