អតីតខ្សែប្រយុទ្ធរបស់ក្រុម West Ham, Man Utd, Man City និង Juventus កីឡាករ Carlos Tevez ត្រូវបានទម្លាយឲ្យដឹងថា កីឡាកររូបនេះ កំពុងតែស្តាយក្រោយចំពោះការបោះជំហានទៅកាន់អាជីពបាល់ទាត់ក្នុងប្រទេសចិន។
ជាក់ស្តែង The Guardian បានឲ្យដឹងថា Carlos Tevez ពិតជាស្តាយនូវការចង់បានតម្លៃពលកម្មខ្ពស់ក្នុងពិភពលោក ដោយជ្រើសយកក្រុម Shanghai Shenhua ។ ថ្វីបើនៅចិន នាពេលនេះ បានទាក់ទាញកីឡាករនៅលីគតំបន់អឺរ៉ុបជាច្រើនឲ្យចាប់អារម្មណ៍ក៍ដោយ សម្រាប់ Tevez វិញ វាគឺជាបទពិសោធន៍ ដ៍ជូរចត់សម្រាប់រូបគេ។ ជាការពិតណាស់ កាលពីពេលថ្មីៗកន្លងមកនេះ Teves ត្រូវបានអ្នកគាំទ្រក្រុម Shanghai Shenhua រិះគន់យ៉ាងចាស់ដៃ និងមិនចង់ឃើញវត្តមានរបស់កីឡាករអាហ្សង់ទីន វ័យ៣៣ឆ្នាំរូបនេះ បន្ទាប់ពី ការសម្រាកព្យាបាលនៅអាហ្សង់ទីន រហូតដល់ជាពីរបួស។
ម្យ៉ាងវិញទៀត បើទោះបីជា នៅពេលនេះ Tevez បានចូលរួមហ្វឹកហាត់វិញក៍ដោយ ក៍អ្នកគាំទ្រនៅតែមិនពេញចិត្តដដែល។ ហេតុនេះហើយ ទើបនាំឲ្យបែកធ្លាយនូវសម្តី ដែលអតីតខ្សែប្រយុទ្ធដ៍ឆ្នើម របស់អាហ្សង់ទីនរូបនេះ មិនសប្បាយចិត្តក្នុងការលេងនៅបករទេសចិននេះ។ ក្នុងនោះដែរ The Guardian បានឲ្យដឹងថា Tevez ចង់ផ្លាស់ទៅកាន់ក្លិបដំបូងរបស់គេគឺ Boca Juniors វិញ តែរូបគេកំពុងតែមានកុងត្រាយ៉ាងស្មុគស្មាញជាមួយក្រុម Shanghai Shenhua ដែលធ្វើឲ្យរូបគេ ពិបាកក្នុងការផ្លាស់ទៅវិញណាស់។ The Guardian បានសង្កត់ធ្ងន់នូវសម្តីរបស់ Tevez ថា ការសម្លឹងឃើញលុយសម្បើមនៅចិន គឺជាបទពិសោធន៍ ដ៍ជូរចត់បំផុតក្នុងជីវិត នៃអាជីពបាល់ទាត់។
ប្រសិនបើដឹងថាបែបនេះ រូបគេនឹងបន្តលេងនៅ ក្រុម Boca Juniors វិញប្រហែលជាប្រសើរជាង។ ដូច្នេះហើយ ខ្សែប្រយុទ្ធ Carlos Tevez កំពុងតែចង់ផ្លាស់មកកាន់ ក្លិបចាស់ Boca Juniors តែប្រហែលមិនអាចឡើយ ព្រោះថា Shanghai Shenhua មិនបណ្តោយឲ្យលុយរបស់គេចាយដោយអត់ប្រយោជន៍ឡើយ។
មតិយោបល់