Khmer eKeyboard គឺជាកម្មវិធីក្តារចុចថ្មី ទើបត្រូវបានបង្កើតឡើងកូនខ្មែរ នៅខែឧសភា នេះ និងអាចទាញយកទៅប្រើប្រាស់បានដោយសេរីនៅលើទូរសព្ទដៃដើរដោយប្រព័ន្ធ Android និង iOS។
ក្តារចុចអេឡិចត្រូនិចភាសាខ្មែរថ្មីនេះ មានលក្ខណៈពិសេសជាងក្តារចុចភាសាខ្មែរដទៃផ្សេងទៀត ត្រង់អ្នកប្រើប្រាស់មិនចាំបាច់ចុច Shift ឬសញ្ញាដាក់ជើងនោះទេ ដែលធ្វើឱ្យការវាយបញ្ចូលតួអក្សរខេមរភាសាផ្សេងៗមានភាពងាយស្រួល និងបានកាន់តែរហ័ស។
ពោលគឺ លើប៊ូតុងមួយអាចវាយបញ្ចូលព្យញ្ជានៈបានពីរ និងជើងបានពីរ។ ឧ. ប៊ូតុង ត/ទ: ចុចធម្មតាសម្រាប់វាយអក្សរ ‘ត’, អូសទៅលើសម្រាប់វាយអក្សរ ‘ទ’, អូសចុចក្រោមសម្រាប់វាយជើង ‘្ត’, ឬចុចពីរដងសម្រាប់វាយជើង ‘្ទ’។
កាន់តែពិសេស វាក៏មានរបារទាយពាក្យដែលអ្នកប្រើប្រាស់បម្រុងនឹងវាយបញ្ចូលនៅខាងលើមួយជួរ បូកបន្ថែមរូបសញ្ញាអារម្មណ៍ជាច្រើនផ្សេងទៀតដែលអាចជ្រើសរើសបានដោយងាយផងដែរ។
ដើម្បីទាញយកកម្មវិធីនេះទៅដំឡើងប្រើនៅលើទូរសព្ទដៃរបស់ខ្លួន លោកអ្នកអាចចុចលើតំណរភ្ជាប់នេះ Khmer eKeyboard (Android, iOS)៕
មតិយោបល់