ក្រុមសេះបង្កង់ Juventus អាចរកបាន ៣ពិន្ទុដំបូង នៅ Champion League ហើយ បន្ទាប់ពីយកឈ្នះក្រុម Olympiacos ២-០ ស្របពេលដែលក្រុមខ្លាំងអេស្ប៉ាញ Barcelona យកឈ្នះយ៉ាងតឹងតែងលើក្រុម Sporting CP របស់ព័តទុយហ្គាល់ ១-០ ដោយបាល់ Own goal ។
Juventus ពិតជាធ្វើបានយ៉ាងល្អ ក្រោយពីការប្រកួតបើកឆាកចាញ់ក្រុម Barcelona យ៉ាងចាស់ដៃកន្លងមក បានធ្វើឲ្យក្រុមអ៊ីតាលីមួយនេះ មកយកឈ្នះក្រុមក្រិក Olympiacos វិញក្នុងលទ្ធផល ២-០។ ២គ្រាប់របស់ម្ចាស់ផ្ទះអ៊ីតាលី រកបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain នៅនាទីទី៦០ និងខ្សែប្រយុទ្ធវ័យចំណាស់ Mario Mandzukic នៅនាទីទី៨០តាមរយៈការបញ្ជូនបាល់យ៉ាងស្អាតពីកីឡាករ Paulo Dybala ។ ហេតុនេះហើយ ក្រុមសះបង្កង់ Juventus នៅតែជាក្រុមខ្លាំងដដែល ក្នុងយុទ្ធនាការណ៍ UEFA Champion League ដែលក្រុមអ៊ីតាលីមួយនេះ នៅតែមានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គបន្ត។
ចំណែកក្រុម Barcelona វិញ បន្តទទួលបាន ៣ពិន្ទុបន្ថែមទៀត ដោយបានយកឈ្នះក្រុម Sporting CP ១-០ យ៉ាងតានតឹងបំផុត។ ១គ្រាប់របស់ Barcelona រកបានដោយការទាត់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Sebastian Coates នៅនាទីទី៤៩ ខណៈកីឡាករឆ្នើមៗរបស់ Barcelona មិនអាចទម្លាយសំណាញ់ទីរបស់ក្រុម Sporting CP បានឡើយ។ ដូច្នេះហើយ Barcelona នៅតែបន្តឈរកំពូលតារាងដដែលខណៈក្រុម Sporting CP និង Juventus មាន ៣ពិន្ទុដូចគ្នា។
https://www.youtube.com/watch?v=k6VhW8044Qo
https://www.youtube.com/watch?v=vHu3uezkdMY
មតិយោបល់