កីឡាករប្រដាល់គុនខ្មែរ ឃីម បូរ៉ា បានយកឈ្នះកីឡាករជើងខ្លាំងដែលមកពីប្រទេសថៃ Reoun Thay ដោយពិន្ទុ ដែលជាគូមិត្តភាពអន្តរជាតិ ខណៈក្នុងកម្មវិធី TV5 Knock Out Series By K.cement រដូវកាលថ្មី នាសប្តាហ៍ទី៥ ក៏រកឃើញអ្នកឡើងទៅវគ្គ ១៦នាក់ ២រូប បន្ថែមទៀត កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា កន្លងទៅ។
ជំនួបរវាងកីឡាករកម្ពុជា ឃីម បូរ៉ា និងកីឡាករថៃ Reoun Thay ជាការប្រកួតធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាករកម្ពុជាត្រូវគេប្រកាសថាជាជើងខ្លាំងដែលធ្លាប់ជាប់ជើងឯករងច្រើនលើកមកហើយ និងកីឡាករថៃត្រូវគេប្រកាសថាមិនធ្លាប់មកកម្ពុជាតែគេជាជើងខ្លាំងនៅក្នុងប្រទេសថៃ។ សម្រាប់គូប្រកួតដណ្ដើមជើងឯកនៅក្នុងថ្ងៃនោះកីឡាករ ផន ប៊ុនម៉ៅ មកពីក្លិបបូរីរាជសីហ៍ បានយកឈ្នះកីឡាករ រ៉ា សារ៉ែម មកពីក្លិបពន្លឺណេអុង ឡើងទៅវគ្គ ១៦នាក់ ខណៈដែលកីឡាករមួយរូបទៀតដែលបានឡើងទៅកាន់វគ្គ ១៦នាក់ដែរគឹកីឡាករ រ័ត្ន ដារ៉ា មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានយកឈ្នះកីឡាករ សៀន វិបុល មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី (ឈ្នះពិន្ទុទាំងពីរ)។
គួរំលឹកឡើងវិញម្តងទៀតដែរថា ទូរទស្សន៍ប៉ុស្តិលេខ ៥ ធ្វើកម្មវិធី TV5 Knock Out នេះរៀងរាល់ថ្ងៃសៅរ៍ ចុងសប្តាហ៍ នៅព្រែកកំពឹស ដោយមានគូដណ្តើមពានរង្វាន់ ២គូ ហើយគូមិត្តភាពជាតិនឹងអន្តរជាតិ សរុប ៣គូ ទៀតសរុប ៥គូ៕
មតិយោបល់