ព័ត៌មានកីឡា

Leonardo៖ កំពុងពិចារណារកកីឡាករមកជំនួស ចាន់ វឌ្ឍនាកា

គ្រូបង្វឹករបស់កម្ពុជាលោក Leonardo Vitorino បានបង្ហាញឱ្យដឹងថាកីឡាករចាន់ វឌ្ឍនាកា បានរងរបួសស្រាលមុនពេលហ្វឹកហាត់នៅប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍។

បើតាមសម្តីរបស់គ្រូប្រេស៊ីលរូបនេះ និយាយមុនការហ្វឹកហាត់បិទទ្វារនៅកីឡដ្ឋាន My Dinh ថា៖ «កីឡាករ ចាន់ វឌ្ឍនាកា ដែលជាកីឡាករសំខាន់បំផុតរបស់យើងបានរងរបួស។ ខ្ញុំកំពុងពិចារណាអំពីជម្រើសនៃអ្នកមកជំនួសគាត់ ក្នុងករណីដែលគាត់មិនអាចលេងបាន»។

បច្ចុប្បន្ន វឌ្ឍនាកា កំពុងខ្ចីជើងនៅក្លឹប Fujieda MYFC នៃក្របខ័ណ្ឌ J3 League ប្រទេសជប៉ុន។ ទោះបីជាយ៉ាងណាក៏ដោយខ្សែបម្រើប្រយុទ្ធរូបនេះ មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតលីគជប៉ុននៅឡើយទេ ហើយអ្នកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជាកំពុងស្នើសុំឱ្យគាត់ត្រលប់មកផ្ទះវិញ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករមួយដ៏ល្អបំផុតរបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយតាំងពីបានចូលរួមជាមួយបឹងកេត នៅឆ្នាំ ២០១២ រកបាន ១១៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ៩០ ប្រកួត៕

មតិយោបល់