ព័ត៌មានកីឡា

កីឡាករ​វ័យ​ក្មេង​ថៃ​ម្នាក់ ក៏​ទៅ​ហ្វឹកហាត់​នៅ​លីគ​ទី​៣​ជប៉ុន​១​សប្ដាហ៍​ដែរ

Sansern Limwattana កីឡាករវ័យ១៩ឆ្នាំរបស់ក្លឹប Bangkok United ត្រូវបានគេអញ្ជើញឱ្យទៅហ្វឹកហាត់រយៈពេល១សប្ដាហ៍ជាមួយក្លឹប FC Ryukyu ក្នុងលីគលំដាប់ទី៣របស់ប្រទេសជប៉ុន។

ក្រោយពីចាន់ វឌ្ឍនាកា តារាឆ្នើមកម្ពុជាបានទៅហាត់ជាមួយក្លឹបជប៉ុន Fujieda ក្នុងលីគលំដាប់ទី៣មក ពេលនេះមានយុវជនរបស់ថៃម្នាក់ដែរហើយ ដែលត្រូវទៅហាត់នៅលីគលំដាប់ទី៣ដូចគ្នា ដោយខុសតែក្លឹបប៉ុណ្ណោះ។ Sansern នឹងចេញទៅហ្វឹកហាត់ពីថ្ងៃទី៧ ដល់ទី១៤ខែវិច្ឆិកាឆ្នាំ២០១៦នេះ។ ដោយក្លឹប FC Ryukyu មើលឃើញពីសមត្ថភាពខ្សែបម្រើរូបនេះ២ឆ្នាំមកហើយ ទាំងលេងនៅជម្រើសជាតិក្រោមអាយុ១៩ឆ្នាំ និងក្លឹប Bangkok United ។

កីឡាករវ័យ១៩ឆ្នាំរូបនេះ ចាប់ផ្ដើមអាជីពរបស់ខ្លួននៅប្រទេសនូវែលហ្សេឡង់ជាមួយក្លឹប Waitakere United នៅឆ្នាំ២០១៣ ដោយក្នុងវ័យ១៦ឆ្នាំ រូបគេបានជួយក្លឹបនេះទទួលចំណាត់ថ្នាក់លេខ៤ក្នុងលីគ New Zealand Premiership។ Sansern មកលេងនៅថៃវិញ ជាមួយក្រុម Chonburi មុនពេលផ្លាស់ទៅលេងនៅ Buriram United កាលពីឆ្នាំ២០១៤។ ខណៈដែលចុងក្រោយនេះ រូបគេកំពុងតែលេងឱ្យក្លឹប Bangkok United ជាកន្លែងដែលធ្វើឱ្យខ្សែបម្រើរូបនេះបានចូលលេងលីគកំពូលរបស់ថៃ៕

 

 

មតិយោបល់