ព័ត៌មានកីឡា

PSG ឲ្យ Neymar ៣លានអឺរ៉ូ បើឈ្នះ Balon.D’Or

ក្រុម Paris Saint Germain ហាក់ដូចជាមិនមានការខ្វល់ខ្វាយ ពីការចាកចេញ របស់ខ្សែ​ប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ឡើយ ដោយក្លិបបារាំងមួយនេះ កំពុងតែយកចិត្តយ៉ាងខ្លាងលើតារាចំណូលថ្មី Neymar ទៅវិញ។

បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា ក្រុម Paris Saint Germain កំពុងតែត្រៀមរង្វាន់ប្រគល់ជូន Neymar ជាជាងការខ្វល់ខ្វាយពីការចាកចេញ របស់ Cavani ។​ ជាក់ស្តែងណាស់ ប្រភពខាងលើដដែល​ បានឲ្យ​ដឹងបន្ថែមទៀតថា ដើម្បីលើកទឹកចិត្ត និងជម្រុញឲ្យ Neymar ខិតខំលេងឲ្យបានល្អ​ ដើម្បីជួយក្លិបឲ្យឈ្នះពាន ផ្សេងៗ រួមទាំងរូបគេផ្ទាល់ផងនោះ ប្រសិនបើ Neymar អាចឈ្នះពានរង្វាន់ Balon D’Or ក្រុម Paris Saint Germain នឹងផ្តល់ប្រាក់លើកទឹកចិត្តដល់ កីឡាករប្រេស៊ីល រូបនេះ ចំនួន ៣លានអឺរ៉ូ។ Neymar កំពុងស្ថិតក្នុងបញ្ជី ឈ្មោះ ៣០នាក់ចុងក្រោយ ដែលធ្វើការប្រកួតប្រជែងគ្នា ដើម្បីដណ្តើមពាន Balon D’Or ឆ្នាំនេះ។

យ៉ាងណាវិញ Neymar ត្រូវបានគេជឿជាក់ថា នឹងអាចមានវត្តមានរបស់រូបគេ នៅ៣នាក់ចុងក្រោយ នៃអ្នកឈ្នះ Balon D’Or ព្រោះថា Neymar បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ក្រោយពីផ្លាស់ទៅកាន់ PSG ក្នុងតម្លៃកប់ពពក រួមទាំង​ការបង្ហាញខ្លួន នៅក្លិបថ្មីយ៉ាងល្អផងដែរ។ ម្យ៉ាងវិញទៀតនោះ Neymar គឺជាចំណែកមួយយ៉ាងសំខាន់ដែលបានជួយក្រុមប្រេស៊ីល ឲ្យឡើងទៅកាន់វគ្គចែកពូល ដោយស្វ័យប្រវត្តិ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ីផងដែរ។ យ៉ាងណាវិញ Neymar ត្រូវប្រឈមជាមួយបេក្ខភាពដ៍ខ្លាំង ២រូបគឺ Lionel Messi និង Cristiano Ronaldo ព្រោះថា តារាឆ្នើមទាំង២ រូបនេះសុទ្ធសឹង ជួយក្លិបទទួលបានជោគជ័យ នារដូវកាលមុន និងរដូវកាលនេះ។

ដូច្នេះហើយ ប្រសិនបើ Neymar អាចឈ្នះពាន Balon D’Or នាឆ្នាំនេះ កីឡាករប្រេស៊ីលរូប​នេះ ​នឹងអាចឈ្នះជាលើកដំបូងក្នុងអាជីពរបស់គេ រួមទាំងទទួលបានប្រាក់រង្វាន់ឧបត្ថម្ភចំនួន ៣លានអឺរ៉ូ ពី​ក្រុម Paris Saint Germain ផងដែរ។

មតិយោបល់