ព័ត៌មានកីឡា

Man City ជឿជាក់ថា នឹងទិញ Isco បាន

ក្រុមបាល់ទាត់ Manchester City មានក្តីសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងអាចទិញយក Isco បានពីក្រុម Real Madrid បើទោះបីជាកីឡាករអេស្ប៉ាញរូបនេះ នៅមានកុងត្រារយ:ពេលវែងទៀត ជាមួយក្រុម Real Madrid ក៍ដោយ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា លោក Pep Guadiola គ្រូបង្វឹកក្រុមបាល់ទាត់ Manchester City មានការពេញចិត្តចំពោះទម្រង់លេងរបស់ ខ្សែបម្រើអេស្ប៉ាញ Isco Alarcon យ៉ាងខ្លាំង។ ជាក់ស្តែងណាស់ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា មិនត្រឹមតែពេញចិត្តនោះឡើយ ក្រុម Man City មានបំណងចង់នាំយក Isco មកកាន់ Etihard ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាវិញ វាហាក់ដូចក្តីស្រម៉ៃប៉ុណ្ណោះ សម្រាប់ក្រុម Man City ព្រោះថា Isco ទើបតែចុះកុងត្រាថ្មីជាមួយ Real Madrid ដែលកុងត្រារបស់កីឡាកររូបនេះ រហូតដល់ទៅឆ្នាំ ២០២២ ។ ម្យ៉ាងវិញទៀត ប្រសិនបើ​ ចង់ទិញផ្តាច់កុងត្រានោះ គឺពិបាកខ្លាំងណាស់ សម្រាប់ Man City ព្រោះថា តម្លៃ Release Clause របស់កីឡាកររូបនេះ រហូតដល់ទៅ ៧៥០លានអឺរ៉ូ ដែលថ្លៃជាង Lionel Messi មានត្រឹម ៣០០លានអឺរ៉ូប៉ុណ្ណោះ។

ក៍ប៉ុន្តែ លោក Pep Guadiola នៅតែជឿជាក់ថា លោកនឹងអាចនាំយកកីឡាករអេស្ប៉ាញ​រូបនេះបាន នៅក្នុងពេលឆាប់ៗនេះ ដើម្បីយកមកជំនួស David Silva ដែលកំពុងតែចាស់ណាស់ទៅហើយ។ លោក Pep បានឲ្យដឹងតាម Don Balon ដដែលថា យើងមិនចាំបាច់ ទិញផ្តាច់កុងត្រា របស់ Isco ពី Real Madrid ដែលមានតម្លៃរហូតដល់ទៅ ៧៥០លានអឺរ៉ូឡើយ តែយើងអាចប្រើប្រាស់វិធីសាស្ត្រជាច្រើនទៀត ដើម្បីនាំយកកីឡាករដ៍ល្អរូបនេះ។ លោក បានបន្ថែមទៀតថា គ្រប់គ្នាតែងតែសម្លឹងឃើញ Cristiano Ronaldo ជាកីឡាករល្អបំផុតរបស់ Real Madrid តែសម្រាប់លោកវិញ មិនគិតបែបនេះឡើយ លោកគិតថា Isco ទើបជាកីឡាករសំខាន់របស់ Real Madrid ព្រោះថា ខ្សែបម្រើឆ្នើមរូបនេះ មានទម្រង់លេងយ៉ាងល្អ ព្រមទាំងជាអ្នកនាំលេងបាល់ផងដែរ។

ក្នុងនោះដែរ លោក Pep Guadiola បានឲ្យដឹងថា ប្រសិនបើ Man City បាន Isco នោះក្លិបនឹងមានអ្នកនាំលេងបាល់ល្អបំផុតមួយក្នុង​ក្លិប ដែលល្អជាង David Silva នាពេលបច្ចុប្បន្ននេះទៅ​ទៀត។

មតិយោបល់