ព័ត៌មានកីឡា

គ្រូ Barca ​គាំទ្រ Neymar ​បើ​ទោះ​​ជា​រក​គ្រាប់​បាល់​មិន​បាន​ប៉ុន្មាន​ប្រកួត​នេះ

លោក Luis Enrique ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ការ​មិន​អាច​រក​គ្រាប់​បាល់​បាន​របស់ Neymar ​គឺ​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ​ព្រោះ​សមត្ថភាព​រូបគេ​គ្រប់គ្រាន់​សម្រាប់​ក្រុម​ត្រូវ​ការ​ហើយ។

Neymar ​រដូវ​កាល​២០១៦-២០១៧ ​នេះ ​ទើប​តែ​រក​បាន​៦​គ្រាប់​ទេ ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៨​ប្រកួត​របស់​គេ ​ត្បិតអី​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១៤​ដង​មក​ហើយ។ ខណៈ​ដែល​២​រដូវ​កាល​កន្លង​ទៅ​នោះ កីឡាករ​ប្រេស៊ីល​រូប​នេះ​សុទ្ធ​តែ​រក​គ្រាប់​បាល់​បាន​លើស​៣០​គ្រាប់​ទាំង​អស់​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ។

Enrique ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​លើក​ឡើង​ដូច្នេះ​ថា​៖ “ការ​ពិត ​គឺ​យើង​ត្រូវ​មើល​ទៅ​មុខ​ត​ទៀត ​មាន​គ្រាប់​បាល់​ជា​ច្រើន​ហើយ​ដែល​គាត់​បាន​បង្កើត ​ហើយ​គាត់​ក៏​បាន​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ច្រើន​គ្រាប់​ដែរ។ ខ្ញុំ​មិន​ខ្វល់​ថា​គាត់​រក​បាន​ប៉ុន្មាន​នោះ​ទេ ​សំខាន់​ក្រុម​ទាំង​មូល​អាច​ទទួល​ជោគជ័យ”។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​ខាង​លើ​នេះ ​ស៊ុត​មិន​ដែល​ចំ​គោលដៅ​នោះ​ទេ​ក្នុង​៩​ប្រកួត​ចុង​ក្រោយ ​ហើយ​គ្រាប់​បាល់​ចុង​ក្រោយ​របស់​គេ​គឺ​ធ្វើ​បាន​នៅ​ពេល​ឈ្នះ​ក្រុម Manchester City ​៤-០ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នា​ថ្ងៃ​ទី​១៩​ខែ​តុលា​កន្លង​ទៅ៕

មតិយោបល់